រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាន វាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោង ATscale ដែលបានគាំទ្រលើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៏អវយវៈសិប្បនិម្មិតនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយក្រុមការងារគម្រោង ATscale នៅកម្ពុជា ដឹកនាំដោយលោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale នៅទីស្តីការក្រសួងសុខាភិបាល។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATscale នៅកម្ពុជា ដែលបានរៀបចំគម្រោងចូលរួមគាំទ្រក្រសួងសុខាភិបាល លើសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៏អវយវៈសិប្បនិម្មិត ដើមី្បជួយអោយជនមានពិការភាព រស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានឯករាជ្យ សេចក្តីថ្លៃថ្នូ និងអាចចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល ទីផ្សារការងារ និងសកម្មភាពជីវិតប្រចាំថ្ងៃបានជាប្រក្រតី។

 

លោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale លោកបានជម្រាបថា គម្រោងនេះបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាច្រើនលើកជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ព្រមទាំងគ្រោងនឹងដាក់សម្ពោធនាពេលឆាប់ៗខាងមុខនេះ ព្រមទាំងសុំអញ្ជើញ ក្រសួងសុខាភិបាល  ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមជាអធិបតី។ លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា គម្រោង ATscale នឹងចូលរួមអនុវត្តដោយអង្គការចំនួនបីគឺ Clinton Health Access Initiative (CHAI), Humanity and Inclusion (HI) and Cambodia Disabled People Organization (CDPO) ដោយមានការសម្របសម្រួល និងសហការជាមួយដៃគូអភិវឌ្ឍផ្នែកពិការភាពទាំងអស់ក្នុងប្រទេសកម្ពុជា ដែលគោលបំណងចំបងរបស់គម្រោងនេះគឺជួយដល់ការផ្ទេរសេវាស្ថារលទ្ធភាពពលកម្មពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកក្រសួងសុខាភិបាល ព្រមទាំងគ្រោងជួយរៀបចំការងារជាបន្តទៀតផងដែរ។

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជម្រាបជូនថា ក្រសួងសុខាភិបាល នឹងសហការគាំទ្រការផ្ទេរសេវាស្ដារលទ្ធភាពពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ឧបករណ៏ជំនួយការស្តាប់ ដើមី្បជួយអោយជនមានពិការភាពរស់នៅប្រកបដោយសុខភាពល្អ។ ទន្ទឹមនឹងនេះ ATscale នឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការផ្ទេរមុខងារ ភារកិច្ច ឯកសារគតិយុត្តិពាក់ព័ន្ធនានា និងជួយរៀបចំផែនការ ទាំងរយៈពេលខ្លី និងរយៈពេលវែង ដោយសហការជាមួយផ្នែកពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល។ ក្រសួងនឹងពង្រីកសេវាសុខភាពបន្ថែមនៅតាមមូលដ្ឋានសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ជនមានពិការភាព និងកាត់បន្ថយបន្ទុកលំបាករបស់ពួកគាត់ក្រោមកិច្ចសហប្រតិបត្តិការរបស់គម្រោងខាងលើ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចបានដោយជោគជ័យនូវក្របខណ្ឌអនុវត្តការជម្រុញបង្កើនការងារថែទាំសុខភាពបឋម ដែលបានកំណត់នូវសកម្មភាពចំបងៗ សម្រាប់ការអនុវត្ត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរ មូលដ្ឋាន និងសហគមន៍ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕photo_2023-10-23_21-09-19photo_2023-10-23_21-09-20photo_2023-10-23_21-09-23

photo_2023-10-23_21-09-24

Comments

Related posts