អង្គការBirdLifeផ្តល់អណ្តូងទឹកស្អាតដល់ស្នាក់ការឧទ្យានុរក្ស អូរហានៃដែនជម្រកសត្វព្រៃលំផាត់

 

 

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស

 

MC : លោក ប៊ូ វរសក្ស  នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា  ការកសាងអណ្តូងទឹក សម្រាប់ស្នាក់ការឧទ្យានុរក្សអូរហានៃដែនជម្រកសត្វព្រៃលំផាត់នេះ មានសារសំខាន់ណាស់  ដើម្បីផ្តល់ទឹកជូនមន្ត្រីឧទ្យានុរក្សបានប្រើប្រាស់គ្រប់គ្រាន់  និងជួយគាំទ្រដល់ការយាមល្បាតកាន់តែប្រសើរជាងមុន ។

លោកបន្តថា  បច្ចុប្បន្នមានស្នាក់ការរងចំនួន២នៅតំបន់ស្នូល នៃដែនជម្រកសត្វព្រៃលំផាត់   ដែលនេះជាស្នាក់ការចាស់ គឺមានស្រះទឹករួចមកហើយ  តែស្នាក់ការរងថ្មីគឺតម្រូវឱ្យជីក អណ្តូងទឹកសម្រាប់ជួយសម្រួល ដល់មន្ត្រីឧទ្យានុរក្សដែលនៅការពារក្នុងតំបន់នោះ  ព្រោះតែងតែខ្វះទឹកសម្រាប់ប្រើប្រាស់ ជាពិសេសនៅរដូវប្រាំង ។ 

សំឡេង « ទាក់ទងទៅនឹងការកសាងអណ្តូងទឹកនេះ  គឺការជួយគាំទ្រដល់ឧទ្យានុរក្ស ដើម្បីធ្វើឱ្យគាត់ធ្វើការល្បាតក្នុងតំបន់នោះមានប្រសិទ្ធភាព  ព្រោះនៅពេលរដូវប្រាំងគាត់ត្រូវជិះពី១០គីឡូទៅ២០គីឡូម៉ែត្រ  ដើម្បីទៅរកប្រភពទឹក សម្រាប់ដងយកមកប្រើប្រាស់បាន អ៊ីចឹងវាធ្វើឱ្យខាតពេលសម្រាប់ការដើរល្បាត។  ហេតុនេះយើងសម្រេចចិត្តបុកអណ្តូងនៅទីតាំងនោះ គាត់មានពេលគ្រប់គ្រាន់ក្នុងការដើរល្បាត អ៊ីចឹងគាត់អាចស្នាក់នៅជាប្រចាំក្នុងទីតាំងនោះបាន  »  ។

លោកបានបន្ថែមថា  កន្លងមកអង្គការ BirdLife បានជួយឧបត្ថម្ភគាំទ្រជាឧបករណ៍ល្បាត  បន្ទប់ទឹក  អង្ករ និងសម្ភារផ្សេងៗទៀត សម្រាប់ជួយដល់មន្ត្រីឧទ្យានុរក្សដែលនៅការពារនៅតំបន់អូរហានៃដែនជម្រកសត្វព្រៃលំផាត់  ។

សូមបញ្ជាក់ថា  អង្គការនេះបានធ្វើការនៅជម្រកសត្វព្រៃនេះតាំងពីឆ្នាំ២០០៥ ដោយធ្វើការផ្តោតលើវិស័យចំនួន៣ធំៗគឺ  ទី១.អង្កេតតាមដានជីវចម្រុះនិងអភិរក្សពូជសត្វ ទី២.ធ្វើការគាំទ្រដល់សហគមន៍ឱ្យមានការចូលរួមពីសហគមន៍ក្នុងការងារគ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ ទី៣.គាំទ្រដល់ការងារគ្រប់គ្រងដែនជម្រក ដោយធ្វើការជាមួយឧទ្យានុរក្សទាំងអស់ នឹងគាំទ្រការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព  ៕96E85A0F-9C3C-445C-90D1-DDB9D49BB941AAC6071D-30E7-408F-8823-B41E59FFFDB2AB4A500F-204F-47D9-94AD-573D64C18EB6F4F38A50-EFCD-4887-867C-979C25AD0F6E

Comments

Related posts