លោក Blinken ត្រៀមធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង និងរុស្ស៊ីកាន់តែស្អិតល្មួតនឹងគ្នា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b6-22

អន្តរជាតិ៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកគ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុង សេអ៊ូល នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកានេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង នៅចំពោះមុខ ការកើនឡើងនៃទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅកូរ៉េ ខាងត្បូង ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Blinken មកកាន់តំបន់អាស៊ី ដើម្បីចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 និងបើកកិច្ចពិភាក្សាទ្វេភាគីជាមួយក្រុមមន្ត្រីជប៉ុន ក្នុងទីក្រុងតូក្យូមុននឹងបន្តដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ក្នុងបរិបទនៃសង្រ្គាមរវាងអ៊ីស្រាអែល និងហាម៉ាស់។ ទស្សនកិច្ចនេះទៀតសោត កើតមានឡើងក្នុងពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយ ជប៉ុនបានថ្កោលទោសនូវអ្វីដែលពួកគេចោទថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធា សម្រាប់រុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល មើលឃើញថា ទំនាក់ទំនង យោធាកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ីគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីទទួលបានសមត្ថភាពយុទ្ធសាស្ត្រយោធាពីរុស្ស៊ីត្រឡប់មកវិញ តួយ៉ាងដូចជាបច្ចេកវិទ្យាផ្កាយរណប ស៊ើបការណ៍យោធាជាដើម៕

Comments

Related posts