សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានផ្លាស់ប្ដូរការធ្វើត្រីបែបបុរាណ មកអនុវត្តតាមស្ដង់ដារ សុវត្ថិភាពវិញ តាមរយៈគម្រោង CAPFish CAPTURE

 

វិទ្យុជាតិកម្ពុជា សុភា វិសិទ្ធិពង្ស ២៨.០៩.២០២៣

a13-12

a14-11

a16-8

a15-9

MC : សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានផ្លាស់ប្ដូរការធ្វើត្រីបែបបុរាណ មកអនុវត្តតាមស្ដង់ដារ សុវត្ថិភាពវិញ តាមរយៈគម្រោង CAPFish CAPTURE ដោយផ្តោតទៅលើស្តង់ដារ មានអនាម័យ មិនផ្ទុកសារធាតុគីមី និង មិនធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគនោះឡើយ ។
លោក សួង សោភ័ណ្ឌ ម្ចាស់សិប្បកម្មកែច្នៃត្រី សួង សោភ័ណ្ឌ ភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកបានចាប់ផ្តើមផលិតត្រីងៀតតាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយអនុវត្តតាមក្បួនបុរាណដែលបានបន្សល់ទុកពីដូនតា ។
លោកបានបន្តថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក ការផលិតនិងការលក់របស់លោក មានការធ្លាក់ចុះបន្តិចបន្តួច ដែលជាដើមហេតុធ្វើឱ្យលោកងាកមកចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍ ជលផលក្រោយប្រមូលផល ដែលហៅថា CAPFish CAPTURE ក្នុងការជួយផ្គត់ផ្គង់ប្រព័ន្ធទឹកចម្រោះ ទឹកស្អាត និងធ្វើការហាលសម្ងួតក្នុងឡសូឡា ។
លោកបានបន្តទៀតថា សិប្បកម្មរបស់លោកទទួលបានការគាំទ្រពីគម្រោងឃែបហ្វ៊ីស (Capfish) ជាមួយរដ្ឋបាលជលផល ដោយបានជំរុញឱ្យសិប្បកម្មអនុវត្តតាមក្បួនអនាម័យ ជួយជាឧបករណ៍និងសម្ភារៈ  ដើម្បីជួយសម្រួលដល់ការងារ និងបង្កើនទំនុកចិត្ត គុណភាពត្រីងៀត ដើម្បីសុខភាពរបស់អ្នកបរិភោគ ហើយសិប្បកម្មរបស់លោកបានធ្វើការប្រមូលទិញត្រីពីកសិករចិញ្ចឹមក្នុងស្រុកតាមតំបន់ជុំវិញទន្លេសាបនិងតំបន់ផ្សេងៗ ដោយក្នុង១ថ្ងៃ អាចផលិតត្រីបានចន្លោះពី៥០០ទៅ៧០០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារ នៅតាមបណ្ដាខេត្តផ្សេងៗ ។
« ពីមុនខ្ញុំធ្វើ៥០០គីឡូកាលមុនកូវីដ ដល់ពេលកូវីដ អ្នកលក់ក្នុងតំបន់មានការថយចុះច្រើន មានខ្លះក៏ឈានដល់ការបិទ ប៉ុន្តែខ្ញុំនៅតែរក្សាបាន ហើយដើម្បីឈានទៅមុខទៀត យើងពិតជាត្រូវការ គម្រោងជាពិសេសឧបករណ៍ បើយើងមានឧបករណ៍ទាំង ការផលិតយើងកើនឡើង ហើយការអនុវត្តន៍ យើងកាន់តែខ្ពស់ជាងមុនដែរ » ។
សូមបញ្ជាក់ថា តាមរយៈការផ្លាស់ប្ដូរដែលចំណាយពេល១៣ខែ របស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ សង្កេតឃើញថា នេះជាការផ្លាស់ប្ដូរដ៏មានប្រសិទ្ធភាព ប្រកបដោយអនាម័យ និងស្ដង់ដារ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ៕

Comments

Related posts