រុស្ស៊ីចោទអ៊ុយក្រែនថា បានដើរតួនាទីសំខាន់ក្នុងការជំរុញកុប្បកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅឯអាកាសយានដ្ឋានតំបន់ Dagestan

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

s13-2

អន្តរជាតិ៖ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានដើរតួនាទីសំខាន់នៅក្នុងការជំរុញកុប្បកម្មប្រឆាំងអ៊ីស្រាអែល នៅឯអាកាសយានដ្ឋានមួយក្នុងតំបន់ Dagestan ដែលមានប្រជាជនមូស្លីមភាគច្រើនរស់នៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងមហាផ្ទៃរុស្ស៉ីបានឱ្យដឹងថា ប៉ូលីសកំពុងគ្រប់គ្រងអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Dagestan ដែលមានប្រជាជនមូស្លីមរស់នៅភាគច្រើន ហើយបានចាប់ខ្លួនមនុស្សចំនួន ៦០នាក់ បន្ទាប់ពីក្រុមអ្នកប្រឆាំងអ៉ីស្រាអែលរាប់រយនាក់នាំគ្នាសម្រុកចូលទីតាំងនេះកាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះមកពីអ៉ីស្រាអែលចុះចត។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "របបឧក្រិដ្ឋកម្មរបស់ក្រុងកៀវ បានដើរតួនាទីផ្ទាល់ និងសំខាន់ក្នុងការអនុវត្តសកម្មភាពបំផ្លិចបំផ្លាញនេះ"។ វិមានក្រឹមឡាំងបាននិយាយថា កុប្បកម្មគឺជាលទ្ធផលនៃ "ការជ្រៀតជ្រែកពីបរទេស" ហើយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានបើកកិច្ចប្រជុំមន្ត្រីសន្តិសុខរុស្ស៊ីដើម្បីពិភាក្សាអំពី "ការប៉ុនប៉ងរបស់លោកខាងលិចដើម្បីបែងចែកសង្គមរុស្ស៊ី"៕

Comments

Related posts