អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ ក្នុងស្រុកសាលាក្រៅ 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់រង្វង់មូលឃុំអូរអណ្តូង ស្រុកសាលាក្រៅ ឆ្ពោះទៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅ-មកសាលារៀន។ 

លោកជំទាវ បាន ស្រីមុំបានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ 

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ 

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមមេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាម ផែនការគ្រោងទុក ១០០% ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។ 

បើតាមការបញ្ជាក់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា៖ ផ្លូវលេខ១៥.៩៣ ដែលកំពុងស្ថាបនានេះ មានប្រវែង ៤,១៥០ ម៉ែត្រ ទទឹង៧ ម៉ែត្រ ក្រាលកៅស៊ូប្រភេទ DBST ក្នុងនោះសាងសង់លូប្រអប់ កាត់ទទឹងថ្នល់ មុខមួយប្រវែង ១២ម៉ែត្រ ០១កន្លែង, សាងសង់លូមូលកាត់ទទឹងថ្នល់មុខ២ អង្កត់ផ្ទិត ១ម៉ ប្រវែង ១២ម៉ ០៤ ន្លែង, សាងសង់លូមូលកាត់ទទឹងថ្នល់មុខ១ អង្កត់ផ្ចិត ១ម៉ ប្រវែង ១២ម៉ ចំនួន ០១ កន្លែង, សាងសង់ប្រឡាយបេតុង រាងចតុកោណព្នាយ ប្រវែង ១៦៣ម៉ ,សាងសង់លូមូលរំដោះទឹកមុខ២ អង្កត់ផ្ចិត ១ម៉ ប្រវែង ៥០ម៉, សាងសង់លូមូលរំដោះទឹក មុខមួយ អង្កត់ផ្ចិត ១ម ប្រវែង ៤៣ម៉ និងសាងសង់អណ្តូងលូ ចំនួន ០៤ កន្លែង៕IMG_20210228_175437_875IMG_20210228_175437_875IMG_20210228_175431_561

Comments

Related posts