ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ ចូលមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៩ ២០២៣

d5-7

d7-6

d4-7

d2-9

d3-9

d1-9

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវដល់ សហគ្រិនជាសមាជិក DMDI ទាំងអស់ ចូលមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាលផ្តល់ ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិន។ បន្ថែមពីនោះទៀតកម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជា យុវជនវ័យក្មេង និងប្រកបដោយថាមពល។
ក្នុងពិធីបើកសន្និសីទរបស់អង្គការពិភពម៉ាឡាយូ ពិភពឥស្លាម Dunia Melayu Dunia Islam(DMDI) លើកទី២១ ស្ដីពី “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូនានា” នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ DMDI ដែលបានជ្រើសរើសប្រទេសកម្ពុជា ជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និសីទក្នុងឆ្នាំនេះ។ ចំពោះប្រធានបទ “ការពង្រឹងសហគ្រិនភាពនៃសមាជិក DMDI និងដៃគូ នានា” នាឱកាសនេះត្រូវបានលើកឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យម (SMEs) គឺត្រូវបានលើកទឹកចិត្ត និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ជាប្រភពសំខាន់នៃការបង្កើតការងារ ទ្រព្យសម្បត្តិជាតិ និងក៏ជាតួអង្គសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជា ផងដែរ។ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអំពាវនាវដល់សហគ្រិនជាសមាជិក DMDI ទាំងអស់ ពិសេសជូនចំពោះ អ្នកដែលចូលរួមក្នុងសន្និសីទនាថ្ងៃនេះ សូមពិចារណាចូលមកវិនិយោគនៅកម្ពុជា ដោយហេតុថា កម្ពុជាផ្តល់ការលើក ទឹកចិត្តខ្ពស់ ដល់វិនិយោគិនទាំងអស់ អាចចូលមកវិនិយោគដោយបើកចំហលើគ្រប់វិស័យ និងដោយគ្មានការរឹតបន្តឹង លើកម្មសិទ្ធិ។ កម្ពុជាក៏មានកម្លាំងពលកម្ម និងជំនាញ សុទ្ធសឹងតែជាយុវជនវ័យក្មេង និងប្រកបដោយថាមពល ហើយក្នុងនោះ រាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ដល់សហគ្រិនដែលជាស្រ្តីផងដែរ។ កម្ពុជាជាប្រទេសនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន និងនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រមូលផ្ដុំទៅ ដោយមនុស្សជាង ៦៥០លាននាក់ ព្រមទាំងជាសមាជិកដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ហើយសំខាន់ជាងនេះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗទាំងក្នុងប្រទេស តភ្ជាប់ទៅប្រទេសជិតខាង និង ទៅកាន់ពិភពលោក គឺសុទ្ធសឹងតែផ្ដល់បរិយាកាសល្អដល់វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យលើកកម្ពស់ទំនើបកម្មនៃរចនាសម្ព័ន្ធឧស្សាហកម្ម ពីឧស្សាហកម្មដែល ពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅកាន់ខ្សែច្រវាក់តម្លៃសកល ការធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មក្នុងតំបន់ និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មស្របតាម ការពង្រឹង សមត្ថភាពប្រកួតប្រជែង និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ខណៈពេលដែលបន្តអភិវឌ្ឍឧស្សាហកម្មទំនើប ដោយផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ៕

Comments

Related posts