អង្គការវ័តធឺអេតកម្ពុជា និងក្រុមហ៊ុន eTiQa បន្តចាប់ដៃគ្នាគាំទ្រសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០១.១២.២០២៣

IMG_3817

IMG_3813

IMG_3821

IMG_3814

IMG_3816

IMG_3819

   អង្គការវ័តធឺអេតកម្ពុជា និងក្រុម ហ៊ុន eTiQa (អេទីកា) បន្តចាប់ដៃគ្នាគាំទ្រសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនមានលទ្ធភាពកាន់តែទូលាយដើម្បីទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។
ក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ ៥០.០០០ ដុល្លារអាមេរិក សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាតរវាងក្រុមហ៊ុនធានារ៉ាប់រង អេទីកា និងអង្គការវ័តធឺអេតកម្ពុជា (WaterAid) លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា មានប្រសាសន៍ថា សកម្មភាពគាំទ្រដល់កិច្ចការលើកកម្ពស់ទឹកស្អាត និងអនាម័យ គឺជាភារកិច្ចដ៏ចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាចូលរួមតាមលទ្ធភាព ។ ប្រសិនបើរបាំងឬឧបសគ្គនៃទឹកស្អាត និងអនាម័យ ត្រូវបានដោះស្រាយដោយមានការគាំទ្រពីមនុស្សគ្រប់គ្នា នោះប្រជាជនគ្រប់ទីកន្លែង ជាពិសេសប្រជាជនរស់នៅតាមទីជនបទ នឹងមានសុខភាពល្អ កាត់បន្ថយការចំណាយលើការថែទាំសុខភាព ព្រមទាំងអាចសន្សំថវិកាសម្រាប់ទុកបំពេញតម្រូវការផ្សេងៗនៅក្នុងគ្រួសារទៀតផង។
លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវតធឺអេតកម្ពុជា បានបន្តទៀតថា អង្គការវ័តធឺអេតនឹងប្រើប្រាស់ថវិកាសប្បុរសធម៌ដែលទទួលបានក្នុងពេលនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកគាំទ្រសុខុមាលភាពប្រជាជនក្នុងតំបន់គោលដៅរបស់គម្រោង ដែលក្នុងរយៈពេល ៦ ខែខាងមុខនេះ ដោយរំពឹងថាគម្រោងនឹងជួយផ្តល់ឱ្យប្រជាពលរដ្ឋប្រមាណ ២០០០នាក់ មានទឹកស្អាតប្រើប្រាស់តាមតម្រូវការ ។ កង្វះខាតផ្នែកណាមួយនៃទឹកស្អាត និងអនាម័យ នឹងបង្កផលវិបាកចំពោះជនងាយរងគ្រោះ ដូចជា កុមារ ស្ត្រី ជនចាស់ជរា និងជនមានពិការភាព។  ដូចនេះ គ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងព្យាយាមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមទាំងឡាយសម្រាប់ជនងាយរងគ្រោះ ។ ធ្វើដូចនេះទើបយើងនឹងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៦ ស្តីពីទឹកស្អាតនិងអនាម័យ នៅត្រឹមឆ្នាំ២០៣០ ខាងមុខ ។
« ដូច្នេះកិច្ចការដែលធ្វើនេះ គឺមិនមែនសម្រាប់សហគមន៍ណាមួយនោះទេ គឺសម្រាប់យើងទាំងអស់គ្នា កាលណានិយាយអំពីវិស័យសុខភាពសាធារណៈនេះ គឺជាចំណុចដែលចង់ឱ្យអ្នកទាំងអស់គ្នាចាប់យកជ្រុងមួយ ដើម្បីការអប់រំផង ផ្សព្វផ្សាយផង ដើម្បីឱ្យដឹងថា គោលដៅចុងក្រោយ ពលរដ្ឋជាង១៥ភាគរយនេះ គឺជាចំណុចគោលដៅដែលពិបាក ដែលខ្ញុំលើកឡើងថា ពិបាកនោះគឺតំបន់សហគមន៍មួយចំនួន គឺជាសហគមន៍ក្រីក្រ ជាក្រុមគ្រួសារដែលមានហានិភ័យខ្ពស់ ដូច្នេះគឺត្រូវការមានយន្តការជាច្រើន ទូទាំងវិស័យឯកជនដូចដែលយើងឃើញ អេទិកា ជាគំរូដែលបានចូលរួម ក្នុងការបន្តជួយគាំទ្រវិស័យនេះ ដោយគិតអំពីការជំរុញវិស័យសាធារណៈនិងដៃគូពាក់ព័ន្ធផ្សេងផ្សេងទៀត » ។
ទន្ទឹមគ្នានេះ លោក ដាតូ ចូហានអាហ្វីហ្វីន (Dato' Johan Ariffin) តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានសង្កត់ធ្ងន់ថា កញ្ចប់ហិរញ្ញវត្ថុសកម្មភាពទំនួលខុសត្រូវសង្គម ដែលផ្តល់ជូនអង្គការវ័តធឺអេតកម្ពុជានៅពេលនេះ គឺដោយសារក្រុមហ៊ុនមើលឃើញ ថាអង្គការវ័តធឺអេតកម្ពុជាបានធ្វើកិច្ចការឈានមុខគេក្នុងសកម្មភាព និងការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ ។ លើសពីនេះទៀត អង្គការវ័តធឺអេតកម្ពុជា កំពុងអនុវត្តគម្រោងរបស់ខ្លួនជាច្រើនដោយបានដាក់បញ្ចូលនូវសកម្មភាពដែលគាំទ្រដល់តម្រូវការរបស់មនុស្សគ្រប់រូប និងធានាថាគ្រប់គ្នាមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និងអនុវត្តអនាម័យបានពេញលេញ ព្រមទាំងមិនទុកចោលនរណាម្នាក់ឡើយ ។
សូមបញ្ជាក់ថា នេះជាលើកទី២ ហើយដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានបង្កើនកិច្ចសហការផ្ដល់ការគាំទ្រថវិកាជួយការងារសង្គម តាមរយៈអង្គការវ័តធឺអេតកម្ពុជា ដែលមានថវិកាចំនួន ៥០.០០០ ដុល្លារអាមេរិក។ រយៈពេល ១២ខែកន្លងមកនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា បានផ្តល់ថវិកាសប្បុរសធម៌ វគ្គទី១រួចមកហើយ ដល់អង្គការវ័តធឺអេត ដើម្បីអនុវត្តកម្មវិធីលើកកម្ពស់សេវាទឹកស្អាត ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ៕

Comments

Related posts