ក្រុមប្រដាប់អាវុធ Houthis នៅយេម៉ែន លូកដៃចូលក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស បង្កើនហានិភ័យរីករាលដាលនៃជម្លោះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b2-24

b3-25

b4-26

អន្តរជាតិ៖ ក្រុមប្រដាប់អាវុធ Houthis របស់ប្រទេសយេម៉ែន បានចូលពាក់ព័ន្ធក្នុងសង្គ្រាមអ៉ីស្រាអែល-ហាម៉ាស ដោយគេបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានបាញ់យន្តហោះដ្រូន និងមីស៉ីលទៅកាន់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រោមសម្ព័ន្ធភាពក្រៅផ្លូវការហៅថា Axis of Resistance ដែលដឹកនាំដោយអ៉ីរ៉ង់ប្រឆាំងអ៉ីស្រាអែល និងលោកខាងលិច ក្រុម Houthis បានបង្ហាញការគាំទ្រដល់ប៉ាឡេស្ទីនចាប់តាំងពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៉ីស្រាអែល។ ក្រុម Houthis បានធ្វើសង្រ្គាមអស់រយៈពេល ៨ ឆ្នាំជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅឯតំបន់ឈូងសមុទ្រ។ លោក Yahya Saree អ្នកនាំពាក្យរបស់ក្រុម Houthis បានប្រកាសតាមទូរទស្សន៍ថា ក្រុមរបស់ខ្លួនបានបាញ់មីស៉ីលផ្លោង និងយន្តហោះដ្រូនមួយចំនួនធំឆ្ពោះទៅរកអ៉ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀត ដើម្បីជួយឱ្យប៉ាឡេស្ទីនទទួលបានជ័យជម្នះ។ គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើរបស់ក្រុម Houthis បង្ហាញឱ្យឃើញពីការរីកធំនៃវិសាលភាពជម្លោះ ដែលបានបង្កើតក្តីបារម្ភខ្លាំង ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ រួមមានទាំងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក ហើយបង្កើនឱ្យមានការភ័យខ្លាចកាន់តែខ្លាំង អំពីការរាលដាលនៃសង្រ្គាម ក្នុងពេលអ៉ីស្រាអែលប្តេជ្ញាកម្ទេចក្រុមហាម៉ាសក្នុងតំបន់ Gaza៕

Comments

Related posts