ឆ្នាំ២០២២ ក្រសួងសាធារណការ នឹងជំរុញការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបន្ថែមទៀត

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៩ ០២ ២០២២

 

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងទិសដៅការ ងារឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្ដមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោង សម្រេចបាន កំពុងបន្ត និងគម្រោងនាពេលអនាគតដែលក្នុងនោះរួមមាន៖ ការពង្រឹងគុណភាពផ្លូវជាតិលេខ១ពី អ្នកលឿងទៅព្រំដែនវៀតណាម គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២និង២២ ការបញ្ចប់គម្រោងសាងសង់ផ្លូវជាតិលេខ៣ជាស្ថាពរ គម្រោងស្តារផ្លូវជាតិលេខ៤ភ្នំពេញ-ក្រុងព្រះសីហនុ ដោយ ពង្រីកទទឹងតួផ្លូវពី៧ម៉ែត្រទៅ១១ម៉ែត្រ ការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរិសោភ័ណ គម្រោងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិ លេខ៦ពីក្រុងសៀមរាបទៅស្រុកក្រឡាញ់ រហូតសិរីសោភ័ណ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង៩៣,៥៦ គីឡូម៉ែត្រពីខ្លាស្ទុះទៅខេត្តក្រចេះ និងបានស្នើទៅមិត្តចិន ដើម្បីបន្តស្ដារផ្លូវនេះ ទៅដល់ព្រំដែនកម្ពុជា ឡាវ-ត្រពាំងក្រៀល។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ក្រសួងបន្តយុទ្ធនាការចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាព បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បន្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមរាជធានី-ខេត្ត ជំរុញការអនុវត្តន៍ការដកពិន្ទុលើបណ្ណបើកបរ លើអំពើ ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងជំរុញការត្រួតពិនិត្យការបំពាក់ផ្លាកសញ្ញាចរាចរណ៍ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរនូវទិសដៅអនុវត្តបន្តលើការជំរុញសហការជាមួយក្រសួង-ស្ថាប័ន អង្គការ ក្រុមហ៊ុនឯកជន ដើម្បីបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុន ការផលិតស្ពតអប់រំស្តីពីការប្រើ ប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិចុះអនុវត្តរឹតបន្តឹងច្បាប់ ឆ្មក់ចាប់យានយន្ត ដើម្បីពិនិត្យឯកសារពាក់ព័ន្ធ បន្តពង្រឹងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ការត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ស្រឡាញ់ខ្លួនឯងនិងជីវិតអ្នកដទៃ កុំបើកលើសល្បឿនកំណត់ ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ វ៉ាជែងដោយប្រុងប្រយ័ត្ន កុំប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ និងសូមឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញគោរពច្បាប់ចរាចរណ៍ កុំផ្ទុកទំនិញលើសទម្ងន់កម្រិតដោយច្បាប់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលផងដែរ៕IMG_20220209_220431_203IMG_20220209_220434_025

Comments

Related posts