ប្រវត្តិសង្ខេបវិទ្យុជាតិកម្ពុជា

          វិទ្យុជាតិកម្ពុជា ជាស្ថានីយ៍វិទ្យុរបស់រដ្ឋ ដែលមានគោលបំណងធ្វើជាស្ពានចម្លងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ បន្ទាប់ពីចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៤៧ វិទ្យុជាតិកម្ពុជាមានការវិវត្តន៍ជាបន្តបន្ទាប់ទៅតាមរបបសង្គមនីមួយៗ។ ជាពិសេស នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៧៨ វិទ្យុសម្លេងប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ហើយបានបន្តប្រពៃណីនៃការផ្សាយរបស់វិទ្យុជាតិកម្ពុជាជារៀងរហូតមក។

           បច្ចុប្បន្ននេះ វិទ្យុជាតិកម្ពុជា ក៏ជាស្ថាប័នមួយ ដែលបានចូលរួមផ្សព្វផ្សាយបម្រើប្រយោជន៍សាធារណៈ ផលិតកម្មវិធីដែលមានខ្លឹមសារប្រកបដោយ តុល្យភាព ត្រឹមត្រូវ ទាន់សភាពការណ៍ ដែលអាចផ្តល់ដំណឹង និងសម្របសម្រួលការពិភាក្សារវាងរដ្ឋាភិបាល ប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន។ កន្លងមក វិទ្យុជាតិកម្ពុជា បានសហការជាមួយស្ថាប័នរដ្ឋាភិបាលដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងក្រសួងការពារជាតិជាដើម។​ ជាងនេះទៅទៀត វិទ្យុជាតិកម្ពុជា ក៏ធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិមួយចំនួនផងដែរដូចជា ABC អូស្ត្រាលី និង BBC World Service Trust ជាដើម។

        វិទ្យុជាតិកម្ពុជា បាននឹងកំពុងសហប្រតិបត្តិការជាមួយនឹងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីចិន (GXBT) និងវិទ្យុសម្លេងវៀតណាម VOV ក្នុងការផលិតកម្មវិធីបម្រើប្រជាពលរដ្ឋអ្នកស្តាប់ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍បច្ចេកវិទ្យា និងតាមសំណូមពរមិត្តអ្នកស្តាប់ ដែលកាន់តែច្រើនឡើងៗ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានពង្រីកការផ្សាយ បន្ថែមលើរលកវិទ្យុ AM918KHz និងវិទ្យុវត្តភ្នំ FM 105.75MHz ដែលមានការគ្របដណ្តប់ទូទាំងប្រទេស និងនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ហ្វាំងឡង់ ជប៉ុន ដាណឺម៉ាក អ៊ីតាលី ហូឡង់ អាល្លឺម៉ង់ ស៊ុយអែត​ ណរវ៉េស វៀតណាម ឥណ្ឌូនេស៊ី អាហ្សង់ទីន សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងថៃឡងដ៏ជាដើម គឺការផ្សាយវិទ្យុបែប Streaming តាមបណ្តាញអ៊ីនធឺណិត និងការផ្សាយមាតិកាវិទ្យុជាតិ នៅលើគេហទំព័ររិទ្យុជាតិកម្ពុជា(rnk.gov.kh) ក៏ដូចជាបណ្តាញសង្គម Facebook និង YouTube របស់អគ្គនាយកដ្ឋានវិទ្យុជាតិផងដែរ ឱ្យស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យា និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជានាសម័យទំនើប។