ការប្រកួតជើងឯកយុវជន គឺជាឱកាសដុសខាត់សមត្ថភាពអត្តពលិក និងអាជ្ញាកណ្តាល ត្រៀមស៊ីហ្គម ឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ១០ ២០២២

 

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានរៀបចំការប្រកួតពានរង្វាន់យុវជនក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ ដើម្បីលើកកម្ពស់ និងលើកស្ទួយវិស័យកីឡាវាយកូនគោល ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន ជាពិសេសពង្រឹងសមត្ថភាព និងដុសខាត់សមត្ថភាពកីឡាករ កីឡាការិនី និងសិស្សអាជ្ញាកណ្តាលចំនួន ១៧រូប ដែលបានជាប់សញ្ញាបត្រកម្រិត២ ដើម្បីត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជូនជាតិ។

លោក ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទទួលបន្ទុកបច្ចេកទេស បានមានប្រសាសន៍ថា ការប្រកួតនេះ មានលក្ខណៈល្អប្រសើរ។ អត្តពលិក បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងពោរពេញដោយសមត្ថភាព។ ចំណែកឯបច្ចេកទេសវិញ មានការរីក ចម្រើនគ្រប់ទម្រង់ ការវាយឆ្ងាយ វាយជិត និងផាត់ឡូជាដើម។ ចំពោះអាជ្ញាកណ្តាលវិញ បន្ទាប់ពីសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់លើទីលាន យើងសង្កេតឃើញថា ពួកគាត់មានសមត្ថភាព និងភាពវៃឆ្លាត ទៅលើបច្ចេកទេស និងលក្ខន្តិកៈ នៃច្បាប់កីឡាកូនគោលអន្តរជាតិ ពីគ្រូឧទ្ទេសអន្តរជាតិ។ លោកអគ្គលេខាធិការរង បន្តថា កីឡាករវ័យក្មេង និងអាជ្ញាកណ្តាល ដែលចូលរួមការប្រកួតនេះ សុទ្ធសឹងជាបេក្ខជនត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ នាខែធ្នូ ចុងឆ្នាំនេះ ដើម្បីសម្រួចសិទ្ធផលប្រកបដោយគុណភាព ឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះ។

ចំណែកកីឡាករវ័យក្មេង រិន សុធារិទ្ធ ដែលជាជើងឯក៤ឆ្នាំជាប់ៗគ្នា បានឱ្យដឹងថា ការប្រកួតនេះ អាចជួយឱ្យអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសឱ្យកាន់តែល្អជាងមុន ជាមួយកីឡាករ កីឡាការិនីជើងខ្លាំងផ្សេងទៀត។ សុធារិទ្ធ បន្តថា នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្តេជ្ញាចិត្តខ្ពស់ថា នឹងដណ្តើមមេដាយជូនជាតិឱ្យបាន ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ការប្រកួតពាន រង្វាន់យុវជនក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ មានកីឡាករ កីឡាការិនីវ័យក្មេង២០នាក់ ចូលរួមប្រកួត និងសិស្សអាជ្ញាកណ្តាល ១៧នាក់ ចូលរួមកាត់សេចក្តី បន្ទាប់ពីបញ្ចប់វគ្គសិក្សាសិស្សអាជ្ញាកណ្តាល « Referee Apprenticeship » ពីគ្រូឧទ្ទេសលោក LP Ling ជាសមាជិកសហព័ន្ធកីឡាវាយកូនគោលសិង្ហបុរី។

សូមបញ្ជាក់ថា តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ គឺត្រូវការគណៈកម្មការបច្ចេកទេស និងជំនាញចំនួន ៦៨នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ ១២នាក់ អាជ្ញាកណ្តាលអន្តរជាតិ ៧នាក់ ដែលមានជំនាញច្បាស់លាស់ ទាំងភាសាបរទេស ព័ត៌មានវិទ្យា និងយល់ច្បាស់ពីច្បាប់កីឡាកូនគោលអន្តរជាតិ ទៅសិក្សាបន្ថែមនៅក្រៅប្រទេស និងចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិ ឱ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឱ្យបានល្អ មុនស៊ីហ្គេម នៅកម្ពុជា៕IMG_20221025_142323_413IMG_20221025_142314_362IMG_20221025_142319_696

Comments

Related posts