រចនាសម្ព័ន្ធមួយចំនួនរបស់ខ្លោង ទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត កំពុងធ្វើការជួសជុលឱ្យមានភាពរឹងមាំឡើងវិញ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣

IMG_8941

IMG_8936

IMG_8935

IMG_8939

MC.  ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ជួសជុលរចនា សម្ព័ន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើតដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

  លោកស្រី  ភិន វិជ្ជាសច្ច រ៉ា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថាក្រុមការងារបានរៀបចំរៀបថ្មហោជាង និងថ្មលើស៊ុមទ្វារទៅទីតាំងដើមវិញ។ ជាមួយគ្នានេះ ក្រុមការ ងារបានរៀបរន្ទាដើម្បីជួសជុលចំណុចកណ្តាលនៃដំបូលរបស់ខ្លោងទ្វារ និងពង្រឹងរចនា សម្ព័ន្ធខ្លោងទ្វារប្រាសាទអង្គរវត្តឱ្យទៅតាមទម្រង់ដើម។

លោកស្រី  ភិន វិជ្ជាសច្ចរ៉ា បន្តថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងតែជួសជុលស៊ុមទ្វារ ដែលផ្ទាំងថ្មសសរពេជ្រមានការហែកញែកចេញពីគ្នា ទាំងធ្នឹម សសរនៅផ្នែកខាង ត្បូង ហើយថ្មហោជាង និងថ្មផ្នែកពីលើស៊ុមទ្វារបានរលុះធ្លាក់កន្លងមក។

   លោកស្រីថា ចំពោះការងារជួសជុលរចនាសម្ព័ន្ធខ្លោងទ្វារប្រាសាទអង្គរវត្តនេះ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ និងថ្មមានសភាពខូចខាតច្រើនជាដើម។

សំឡេង៖បញ្ហាលំបាកទាក់ទងនឹងភ្លៀង អាកាសធាតុ និងថ្មខូចខាត ហើយថ្មខ្លះយើងរកអត់ឃើញតែម្តង ហ្នឹងឯងដែលជាបញ្ហាប្រឈម ករណីដូចសសរអ៊ីចឹង យើងព្យាយាមគិតថានឹងជួសជុលតែវាអត់អាចបានទេ ព្រោះវាបានបាក់ច្រើនបំណែកពេក ហើយបាត់ទៀត ។

 សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែធ្វើការងារជួសជុល អភិរក្សសំណង់បុរាណ ដើម្បីលើកតម្លៃសោភ័ណភាពសំណង់បេតិកភណ្ឌឱ្យមានភាពស្រស់ស្អាតជាទីទាក់ ទាញទេសចរ និងទុកជាកេរ ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕

Comments

Related posts