ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីជាង ១០០នាក់ រៀបចំពិធីសែនព្រេន សុំខមាទោសដល់អារក្សអ្នកតាភ្នំរដាង ដើម្បីឱ្យមានសេចក្តីសុខសប្បាយ

 

វិទ្យុជាតិកម្ពុជា៖លោកស៊ីផុន ហ៊ុងគ្រី

a-92

a8-104

a4-122

a5-118

a3-125

a6-111

a2-120

a1-121

a7-113

មណ្ឌលគិរី៖ ប្រជាពលរដ្ឋមានកំណើតជាជនជាតិដើមភាគតិច ប្រមាណជាង ១០០នាក់ បាននាំគ្នាប្រមូលផ្តុំលើភ្នំរដាង ដើម្បីរៀបចំពិធីសែនព្រេន និងសុំខមាទោស ដល់ម្ចាស់ទឹកដីអារក្សអ្នកតា សុំសេចក្តីសុខឡើងវិញ ក្រោយក្នុងភូមិរបស់ពួកគាត់មានជំងឺតម្កាត់នានា។ ការប្រារព្ធពិធីតាមបែបប្រពៃណីជនជាតិដើមភាគតិចនេះ មាន៖ ក្របី ស្រាពាង ជ្រូក មាន់ ថ្វាយភ្លេងប្រពៃណីវាយគង ដើម្បីថ្វាយដល់ម្ចាស់ទឹកដីតាមជួយថែរក្សាភូមិឋាននេះ ជួយឃុំគ្រងកុំឱ្យអ្នកភូមិកើតមានគ្រោះអាសន្ន។ ពិធីនេះធ្វើនៅលើភ្នំរដាង ក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកស្រី រឿន ហែង តំណាងជនជាតិដើមភាគតិចព្នង បានឱ្យដឹងថា កន្លងមក ក្នុងភូមិពូលូង បានកើតមានហេតុការណ៍ប្លែកៗ ឧស្សាហ៍មានមនុស្សម្នាឈឺថ្កាត់ រហូតឈានដល់មានមនុស្សចងកសម្លាប់ខ្លួន។មិនត្រឹមប៉ុណ្ណោះទេ ទីតាំងអណ្តូងទឹកបុរាណនៅជើងភ្នំរដាង(ក្បាលអូរច្បារឬទឹកច្រប់) ដែលមានអាយុកាលរាប់រយឆ្នាំជាច្រើនតំណ មិនដែលរីងស្ងួតម្ដងណានោះ សម្រាប់អ្នកភូមិប្រើប្រាស់បែរជាប្រែប្រួលពណ៌ទៅខៀវយ៉ាងចម្លែក។ អ្នកស្រី បន្ថែមថា កត្តាទាំងនេះត្រូវបានអ្នកភូមិចាប់អារម្មណ៍ថា អាចបណ្តាលមកពីសកម្មភាពមិនប្រក្រតី ដែលបានកើតមានតាំងពីឆ្នាំ២០១៩ដល់២០២០ ដែលកាលនោះ មានគ្រឿងចក្រមួយចំនួន បានចូលទៅឈូសឆាយដីព្រៃកន្លែងតំណមរបស់អ្នកភូមិលើភ្នំរដាង គោលបំណងហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិ។
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ដែលបានអញ្ជើញចូលរួមជាមួយបងប្អូនជនជាតិដើមភាគតិច ក្នុងពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចព្នង លោក ក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នកភូមិទាំងអស់ នៅពេលមានបញ្ហាសុខភាព ត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល ហើយបើមានបញ្ហាទំនាស់នានា ត្រូវរិះរកការដោះស្រាយតាមផ្លូវច្បាប់ ដែលអាចធានាដល់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់បងប្អូន។ អភិបាលរងខេត្ត បន្ថែមថា អបិយជំនឿរបស់អ្នកភូមិ មិនត្រូវបានហាមឃាត់ដោយសាមីអង្គភាពណាមួយឡើយ ពោល គឺបងប្អូនទាំងអស់ មានសិទ្ធិគោរពប្រតិបត្តិទៅតាមការជឿជាក់របស់ខ្លួន។ ហើយសកម្មភាពទាំងនេះត្រូវបានលើកទឹកចិត្តពីអាជ្ញាធរ ព្រោះនេះជាការបង្ហាញពីប្រពៃណី វប្បធម៌ របៀបរស់នៅ ដែលសេសសល់តាំងពីបុរាណទៅតាមតំបន់នីមួយៗ។ លោក ក៏សំណូមពរដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងអស់ ត្រូវចូលរួមសាមគ្គីគ្នា ក្នុងការថែរក្សា ការពារ ធនធានធម្មជាតិ ជាពិសេស ទីកន្លែងគោរពសក្ការៈបូជា ឱ្យបានគង់វង្ស ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត៕

Comments

Related posts