ព្រឹត្តិការណ៍បង្ហោះខ្លែងក្នុងពិធីបុណ្យសមុទ្រ គឺជាការលើកតម្កើងនូវតម្លៃវប្បធម៌ ក៏ដូចជាអត្តសញ្ញាណជាតិខ្មែរ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.១២.២០២៣

IMG_4001

IMG_3995

IMG_3993

IMG_3994

IMG_3998

IMG_3997

IMG_3996

IMG_3999

ព្រឹត្តិការណ៍បង្ហោះខ្លែងក្នុងពិធីបុណ្យសមុទ្រ គឺជាការលើកតម្កើងនូវតម្លៃវប្បធម៌ ក៏ដូចជាអត្តសញ្ញាណជាតិ ខ្មែរ ដែលដូនតាបានបន្សល់ទុកតាំងពីបុរាណ ដែលនេះគឺជាការបំផុសស្មារតីបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ គ្រប់រូប ឱ្យចូលរួមរក្សាសម្បត្តិវប្បធម៌ខ្មែរ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ។
លោកស្រី សេង ចិន្តា ជាគ្រូបង្រៀននៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ នៃកម្មវិធីសាលារៀន ជំនាន់ថ្មី តំណាងឱ្យសាលានៅរាជធានី ដែលមកប្រកួតខ្លែងនៅក្នុងពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ បានមានប្រសាសន៍ថា  ក្នុងកម្មវិធីប្រកួត បែងចែកជា២សាលា គឺវិទ្យាល័យព្រែកលៀប និងវិទ្យាល័យ ព្រះស៊ីសុវត្ថិ  ដោយវិទ្យាល័យព្រែកលៀបមានខ្លែងសរុបចំនួន២០ និង វិទ្យាល័យព្រះស៊ីសុវត្ថិមានសរុប ចំនួន២២ខ្លែង ។ 
លោកស្រី បានបន្តថា ការប្រកួតបង្ហោះខ្លែងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ នៃពិធីបុណ្យសមុទ្រ ដែលនឹងបង្ក បរិយាកាសសប្បាយរីករាយដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលរួមទស្សនាកម្សាន្តនៅក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនេះ ។ ជាងនេះទៅទៀត ការបង្ហោះខ្លែងនេះ ក៏ជាការលើកតម្កើងនូវតម្លៃវប្បធម៌របស់ខ្មែរ ដោយសារតែនៅតាមតំបន់ខ្លះសឹងតែបាត់បង់ទៅហើយ មានតែនៅតាមតំបន់ជនបទមួយចំនួនប៉ុណ្ណោះ ដែលនេះគឺជាការបង្ហាញពីវប្បធម៌ខ្មែរ ពីរបៀបនៃការធ្វើខ្លែង របៀបនៃការបង្ហោះបានខ្ពស់និងរក្សាលំនឹង ជាដើម ។
 « ចំពោះការប្រកួតខ្លែងក្នុងកម្មវិធីបុណ្យសមុទ្រនេះ គឺបានឱ្យសិស្សចូលរួម ទាក់ទងនឹងការ ធ្វើខ្លែង ដែលខ្លែងនេះគឺជាអត្តសញ្ញាណជាតិខ្មែរ ទៅតាមប្រភេទដូចជាខ្លែងឯក និងខ្លែងផ្សេងៗ ទៅតាមការច្នៃប្រឌិតរបស់គាត់ លើកកម្ពស់គំនិតច្នៃប្រឌិត ធ្វើជាបំណិនមួយយកទៅបម្រើក្នុងការរស់នៅ ប្រចាំថ្ងៃ ក៏ដូចជាផ្សព្វផ្សាយទៅដល់បណ្ដាប្រទេសផ្សេងៗ ទាក់ទងនឹងឆ្នេរសមុទ្រ និងកម្មវិធីប្រកួតខ្លែង ទៅតាមបណ្ដាប្រទេសដទៃទៀត » ។
លោកស្រីបានបន្ថែមថា ខ្លែងដែលយកមកបង្ហោះនៅក្នុងពេលនេះ គឺទាក់ទិនទៅនឹងប្រវត្តិសាស្ត្រផ្សេងៗ សិស្សបានស្រាវជ្រាវ ដោយដកស្រង់យកមកគូរនៅលើខ្លែងសម្រាប់ប្រកួត និងខ្លែងខ្លះគឺទាក់ទិននឹងការច្នៃ ប្រឌិតរបស់គាត់ ជាពិសេសមានទាក់ទងទៅនឹងអក្សរសិល្ប៍ខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណមក ។ 
  ក្នុងនោះផងដែរ លោកស្រី ក៏បានអំពាវនាវទៅដល់សិស្សានុសិស្សទាំងអស់ ក្មេង ចាស់ ប្រុស ស្រី ចូលរួមអភិរក្សនិងរក្សានូវវប្បធម៌របស់ខ្មែរ ដោយសារតែខ្លែង គឺកម្ពុជាមានតាំងយូរយារណាស់មកហើយ យើងគួរតែចូលរួមថែរក្សាឱ្យបានគង់វង្ស និងបង្កើតនូវអ្វីដែលថ្មីៗបន្ថែមទៀត សម្រាប់កូនចៅជំនាន់ ក្រោយ តទៅមុខទៀត ៕

Comments

Related posts