ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងធ្វើឱ្យអង្គរកាន់តែក្លាយជាទីគោរពសក្ការៈសម្រាប់កូនខ្មែរគ្រប់ៗរូប

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣

a44

a43

a40

a46

a41

 

a45

MC. ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ហើយក៏នឹងរៀបចំកម្មវិធីបែបសាសនា និងការសម្តែងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ជូនសាធារណជនបានទស្សនា។
  លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ពិធីបុណ្យរំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ សម្តែងនូវការដឹងគុណ ចំពោះបុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្ត ក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមកដល់បច្ចុប្បន្ន។លោកថា ពិធីដ៏មានសារៈសំខាន់មួយនេះ នឹងកាន់តែធ្វើឱ្យអង្គរ មានភាពល្បីរន្ធឺ និងជាទីគោរពបូជាពីសាធារណជនទូទៅ ព្រោះថាប្រពលរដ្ឋខ្មែរ ដែលបានអញ្ជើញមកអង្គរ មិនត្រឹមតែទស្សនាប្រាង្គប្រាសាទឡើយ គឺមកដើម្បីសម្តែងការដឹងគុណ និងបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ជាពិសេសគឺសុំនូវសេចក្តីសុខ សប្បាយ ពីប្រាសាទអង្គរដែលជាកេរមរតកពីដូនតាផងដែរ។
លោកបន្តថា នៅក្នុងកម្មវិធីរំលឹកគុណអង្គរ ក្រៅពីពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ ក៏នឹងមានការតាំងបង្ហាញនូវពិព័រណ៍សមិទ្ធផលនានា អំពីកិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរក្នុងពេលកន្លងមក របស់អាជ្ញាធរជាតិអប្សរា។ ហើយក្នុងរយៈពេល១០ថ្ងៃ នៃពិធីរំលឹកគុណអង្គរនេះ ក៏នឹងមានកម្មវិធីសំខាន់ៗជាច្រើន ដែលនឹងគាស់កកាយនូវស្នាដៃសិល្បៈប្រពៃណីអរូបិជាច្រើនទម្រង់សម្តែង ជូនសាធារណជនបានទស្សនា និងសិក្សាឈ្វេងយល់ផងដែរ។
សំឡេង៖ ការសម្តែងនូវព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ ដូចជា៖ នៅថ្ងៃទី១០ យើងក៏មានរៀបចំនូវក្បួនព្យុះហយាត្រា ដែលមានសិស្សានុសិស្សចំនួន ១,២០០នាក់ ក្រោមទិសស្លោកអរគុណអង្គរ និងអរគុណសន្តិភាព។ ក្បួនព្យុះហយាត្រានោះនឹងមានការហែចេញពីប្រាសាទអង្គរវត្ត សំដៅមកក្រុងសៀមរាប។ ហើយយើងក៏មាននូវកម្មវិធីរាត្រីសមោសរ។ យើងក៏រៀបចំពិធីរាត្រីចងចាំ ដែលជាផ្នែកមួយយ៉ាងសំខាន់ដែររបស់ពិធីរំលឹកគុណអង្គររបស់យើង ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅព្រលានជល់ដំរី។ យើងក៏មានសម្តែងល្ខោនមហាជន ដូចជា៖យីកេ ល្ខោនពោលបុរាណស្ត្រី ហើយក៏មានល្ខោនល្បែកធំ នេះត្រួសៗនៅក្នុងកម្មវិធីដែលមាន។ ក្រៅពីនោះទៀត យើងក៏មានបើកចំហឱ្យអញ្ជើញទៅទស្សនានៅតាមការដ្ឋានការងារដែលជាទីកន្លែងក្រុមការងារជំនាញជួសជុលប្រាង្គប្រាសាទ ក៏ដូចជាសារមន្ទីរដែលបង្ហាញនូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញនូវសកម្មភាពការងារដែលពាក់ព័ន្ធជាមួយការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ។
សូមជម្រាបថា ឆ្នាំ២០២៣នេះ ជាឆ្នាំទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងគោលបំណងសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះ មហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ៕

Comments

Related posts