ខ្លោងទ្វារខាងលិចនៃប្រាសាទ បន្ទាយក្តីបានបញ្ចប់ការជួសជុលជាស្ថាពរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

IMG_9266

IMG_9264

IMG_9265

IMG_9268

IMG_9268

IMG_9270

IMG_9269

IMG_9272

IMG_9277

MC. អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ចប់ជាស្ថាពរការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្ម ទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណមួយនេះ និងទាក់ទាញទេសចរផង។
   លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីបានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ លោកស្រីថា បញ្ហាប្រឈមជាច្រើននៅក្នុងពេលរៀបផ្គុំថ្មឡើងវិញ ដោយសារថ្មបុរាណតែងមានល្បាក់។
ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី នឹងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
 អ្វីដែលយើងធ្វើនេះ គឺដើម្បីឱ្យខ្លោងទ្វារហ្នឹងមានភាពរឹងមាំឡើងវិញ ហើយវាក៏ជាកត្តាមួយ សម្រាប់ខាងផ្នែកសុវត្ថិភាពដល់ភ្ញៀវទេសចរដែរ ព្រោះអីភ្ញៀវទេសចរគាត់ឆ្លងកាត់តាមផ្លូវហ្នឹងជារៀងរាល់ថ្ងៃ ទីមួយគឺសុវត្ថិភាព ទីពីរធ្វើឱ្យសំណង់ខ្លោងទ្វារប្រាសាទយើងមានភាពរឹងមាំឡើងវិញ កាន់តែមានអាយុគង់វង្សទៅ ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញរូបរាង។
អ្នកជំនាញជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បញ្ជាក់ថា ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួនពីរប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំទៅហើយ។ បន្ទាប់ពីការយកចិត្តទុកដាក់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើឱ្យខ្លោងទ្វារដែលមានសភាពទ្រុឌទ្រោមមួយនេះ ប្រែមកជារឹងមាំ ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទបន្ទាយក្តីតាមច្រកខាងលិចឡើងវិញបាន៕

Comments

Related posts