វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤
MC ព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" ដែលប្រារព្ធឡើងនៅក្នុងក្រុងសៀមរាប មានអ្នកចូលរួមបរិច្ចាគឈាមប្រមាណជាង ៣០០នាក់។ ព្រឹត្តិការណ៍នេះ រៀបចំដោយ មូលនិធិឈាម នី មុន្នីនាថ ដោយទទួលបានការគាំទ្រពី ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងកិច្ចសហការពី សមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប និងជាសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានសម្តែងការអរគុណ ចំពោះមូលនិធិឈាម នី មុន្នីនាថ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបង្កើតព្រឹត្តិការណ៍ដ៏មានអត្ថន័យ ប្រកបដោយសន្ដានចិត្តដ៏ជ្រាលជ្រៅ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។ ក្នុងនោះ ការចូលរួមក្នុងព្រឹត្តិការណ៍ ដំណើរកម្សាន្តក្នុងមហានគរ សិល្បករ សិល្បការិនីខ្មែរ ព្រមទាំងអ្នកផលិតមាតិកាល្បីៗនៅលើបណ្ដាញសង្គមនេះ ពិតជាបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយទៅដល់ពិភពលោក ពីតំបន់ទេសចរណ៍ក្នុងប្រទេស ជាពិសេសខេត្តសៀមរាប។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរឱ្យភាគីពាក់ពន្ធជួយផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍ខេត្តសៀមរាប ជាពិសេសការចូលរួមបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរចេះស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួន។
សំឡេង៖ខ្ញុំបានសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើងនៅក្នុងទឹកដីអង្គរខេត្តសៀមរាប ហើយសង្ឃឹមថាសកម្មភាពនេះបន្តទៅមុខជាដរៀងរាល់ឆ្នាំ និងសូមលើកទឹកចិត្តដល់ប្អូនៗទាំងអស់គ្នា ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ហើយការបរិច្ចាគឈាមវាពិតជាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ជាជាងការព្រួយបារម្មណ៍និងភាពភ័យខ្លាច ជាពិសេសអំពីការផ្សព្វផ្សាយអំពីព័ត៌មានល្អៗពីខេត្តសៀមរាបរបស់យើង។
សូមជម្រាបថា៖ ព្រឹត្តិការណ៍ទាំងពីរនេះរៀបចំឡើង ក្នុងគោលបំណង ចូលរួម ពង្រឹងសុខុមាលភាពសង្គម និងបម្រើប្រយោជន៍សាធារណៈ និង បំផុសស្មារតីទៅដល់មហាជនទូទៅ ចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ បែបនេះ ក៏ដូចជា រួមគ្នាផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោក ស្របតាមប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល សម្រេចដាក់ចេញកម្មវិធីពិសេស ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ៕