ប្រវត្តិសង្ខេបវិទ្យុជាតិកម្ពុជា
វិទ្យុជាតិកម្ពុជា ជាស្ថានីយ៍វិទ្យុរបស់រដ្ឋ ដែលមានគោលបំណងធ្វើជាស្ពានចម្លងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ បន្ទាប់ពីចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៤៧ វិទ្យុជាតិកម្ពុជាមានការវិវត្តន៍ជាបន្តបន្ទាប់ទៅតាមរបបសង្គមនីមួយៗ។ ជាពិសេស នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៧៨ វិទ្យុសម្លេងប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ហើយបានបន្តប្រពៃណីនៃការផ្សាយរបស់វិទ្យុជាតិកម្ពុជាជារៀងរហូតមក។
បច្ចុប្បន្ននេះ វិទ្យុជាតិកម្ពុជា ក៏ជាស្ថាប័នមួយ ដែលបានចូលរួមផ្សព្វផ្សាយបម្រើប្រយោជន៍សាធារណៈ ផលិតកម្មវិធីដែលមានខ្លឹមសារប្រកបដោយ តុល្យភាព ត្រឹមត្រូវ ទាន់សភាពការណ៍ ដែលអាចផ្តល់ដំណឹង និងសម្របសម្រួលការពិភាក្សារវាងរដ្ឋាភិបាល ប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជន។ កន្លងមក វិទ្យុជាតិកម្ពុជា បានសហការជាមួយស្ថាប័នរដ្ឋាភិបាលដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងអប់រំយុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធម្មការ និងសាសនា ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល និងក្រសួងការពារជាតិជាដើម។ ជាងនេះទៅទៀត វិទ្យុជាតិកម្ពុជា ក៏ធ្លាប់បានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិមួយចំនួនផងដែរដូចជា ABC អូស្ត្រាលី និង BBC World Service Trust ជាដើម។
វិទ្យុជាតិកម្ពុជា បាននឹងកំពុងសហប្រតិបត្តិការជាមួយនឹងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) ស្ថានីយវិទ្យុ និងទូរទស្សន៍ក្វាងស៊ីចិន (GXBT) និងវិទ្យុសម្លេងវៀតណាម VOV ក្នុងការផលិតកម្មវិធីបម្រើប្រជាពលរដ្ឋអ្នកស្តាប់ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍បច្ចេកវិទ្យា និងតាមសំណូមពរមិត្តអ្នកស្តាប់ ដែលកាន់តែច្រើនឡើងៗ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានពង្រីកការផ្សាយ បន្ថែមលើរលកវិទ្យុ AM918KHz និងវិទ្យុវត្តភ្នំ FM 105.75MHz ដែលមានការគ្របដណ្តប់ទូទាំងប្រទេស និងនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ហ្វាំងឡង់ ជប៉ុន ដាណឺម៉ាក អ៊ីតាលី ហូឡង់ អាល្លឺម៉ង់ ស៊ុយអែត ណរវ៉េស វៀតណាម ឥណ្ឌូនេស៊ី អាហ្សង់ទីន សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងថៃឡងដ៏ជាដើម គឺការផ្សាយវិទ្យុបែប Streaming តាមបណ្តាញអ៊ីនធឺណិត និងការផ្សាយមាតិកាវិទ្យុជាតិ នៅលើគេហទំព័ររិទ្យុជាតិកម្ពុជា(rnk.gov.kh) ក៏ដូចជាបណ្តាញសង្គម Facebook និង YouTube របស់អគ្គនាយកដ្ឋានវិទ្យុជាតិផងដែរ ឱ្យស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យា និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជានាសម័យទំនើប។
កម្មវិធីព័ត៌មាន និងកម្មវិធីបទយកការណ៍
កម្មវិធីព័ត៌មាននេះ បានបន្តការអភិវឌ្ឍន៍ឱ្យមានលក្ខណៈទំនើបផងដែរ ដោយខិតខំធ្វើការផ្សាយផ្ទាល់នូវព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ មានលក្ខណៈអប់រំ និងមានបញ្ចូលសូរស័ព្ទសម្លេងដើមទៀតផង ។ កម្មវិធីព័ត៌មានផ្សាយក្នុងមួយថ្ងៃចំនួន ៩ ដង គឺមានរយៈពេល២ម៉ោងម្តង តាមរលកវិទ្យុ AM 918 KHz និងវិទ្យុវត្តភ្នំ FM 105.75 MHz ។
ចំពោះកម្មវិធីបទយកការណ៍វិទ្យុជាតិកម្ពុជា បានពង្រឹងនូវសមត្ថភាព មុខជំនាញបច្ចេកទេសដើម្បីរៀបចំផលិតកម្មវិធីឱ្យកាន់តែមានលក្ខណៈស្តង់ដាខ្ពស់ ។
នៅក្នុងឆ្នាំ២០២០នេះ វិទ្យុជាតិកម្ពុជា បានផលិតព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអត្ថបទ និង នាទីផ្សេងៗដែលក្នុងនោះរួមមាន ព័ត៌មានក្នុងប្រទេស ចំនួន ៥១៧៣ អត្ថបទ ព័ត៌មានអន្តរជាតិ ចំនួន ១២៣០ អត្ថបទ ព័ត៌មានដោយសូរស័ព្ទ ៧៨ វិចារណកថា ២២១ អត្ថបទ អត្ថបទយល់ដឹង ១០៨ អត្ថបទ កម្មវិធីអាស៊ាន ១៣២ អត្ថបទ និង បទយកការណ៍ ១២០ អត្ថបទ សរុប ៧០៦២ អត្ថបទ ។ ក្រុមការងារនេះ បានចុះយកព័ត៌មាននៅតាមបណ្តាខេត្តមានចំនួន គឺ នៅខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកែប និងខេត្តត្បូងឃ្មុំ ជាដើម។
ទន្ទឹមនឹងនេះដែរ ដើម្បីបម្រើការផ្សាយទៅបរទេស វិទ្យុជាតិកម្ពុជា ក៏បានផលិតព័ត៌មានជាតិ-អន្តរជាតិ ជាភាសាអង់គ្លេស និងបារាំង សរុបចំនួន ២៨២១ សម្រាប់ឆ្នាំ២០២០នេះ។ ព័ត៌មានដែលក្នុងនោះរួមមាន ព័ត៌មានគណៈប្រតិភូជាតិ និងអន្តរជាតិ ចំនួន ៥៣ អត្ថបទ ព័ត៌មាននយោបាយ ២១១ អត្ថបទ ការកសាង ៧៩៨ អត្ថបទ ព័ត៌មានកិច្ចសហប្រតិបត្តិការ ៧៥០ អត្ថបទ សេដ្ឋកិច្ច ៣២៨ អត្ថបទ ទេសចរណ៍ ១១០ អត្ថបទ អត្ថបទជំនួយ ១៥៨ អត្ថបទ អត្ថបទស្តីពីពិធីបុណ្យចូលឆ្នាំ ០២ អត្ថបទនិងអត្ថបទផ្សេងៗ ចំនួន ៤១១ (អត្ថបទទាក់ទងនឹងកូវីដ-១៩) ។
កម្មវិធី អប់រំ សង្គម វប្បធម៌-សាសនា និងសិល្បៈ
ក្រៅពីនេះ យើងក៏បានផ្សព្វផ្សាយបម្រើជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០ កម្មវិធី នាទីយល់ដឹង ១២៩ កម្មវិធី នាទីអប់រំយុវជន និងកុមារ ៥២ កម្មវិធី នាទី កសិកម្ម ៥៦ កម្មវិធី នាទី អប់រំ និងសុខភាព ៥២ កម្មវិធី នាទី អប់រំក្រៅប្រព័ន្ធ ២៨ កម្មវិធី នាទី នារីរតនៈ ២៤កម្មវិធី នាទី ស្រាវជ្រាវប្រពៃណី និងវប្បធម៌ខ្មែរ ៥៥ កម្មវិធី នាទី សួនកំណាព្យ ២២ កម្មវិធី កម្មវិធី ល្ខោននិយាយ ៥៥ កម្មវិធី នាទីរឿងកម្សាន្ត ២៣ កម្មវិធី អាយ៉ៃ ៥១ កម្មវិធី ចាប៉ី ១៩ កម្មវិធី កម្មវិធីបទចំរៀងអមដោយអត្ថាធិប្បាយ ៥៤ កម្មវិធី នាទី ព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គម ៣៩ កម្មវិធី សិល្បៈ និងទេពកោសល្យ ២៨ កម្មវិធីធម៌ទេសនាថ្ងៃសីល ៤៦ កម្មវិធី បទអត្ថាធិប្បាយ ២០ កម្មវិធី វិចារណកថា ៣១ កម្មវិធី នាទីសុវត្ថិភាពចរាចរ ៤១ កម្មវិធីជំហ៊ានដំបូង ៤១ ព្យាករណ៍អាកាសធាតុ ៣៦០ កម្មវិធី ព្យាករណ៍ទឹកជំនន់ ៣៦០ កម្មវិធីយល់ដឹងអាស៊ាន ១០ កម្មវិធី និងការផ្សាយលើគេហទំព័រ និង App របស់ក្រសួងព័ត៌មាន ៦៦ កម្មវិធី។
កម្មវិធីសន្ទនាមតិ (Talk-Back Program)
កម្មវិធីនេះ មានការចូលរួមពីវាគ្មិនជំនាញ មកពីស្ថាប័នានាទាំងរដ្ឋ និងឯកជន ដើម្បីឆ្លើយតបនិងបកស្រាយជូនប្រជាពលរដ្ឋគ្រប់រូប។ កម្មវិធីនេះបានផ្សាយ ចំនួនប្រាំថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ១១ ព្រឹក ទៅម៉ោង ១២ ថ្ងៃត្រង់ និងចាក់ផ្សាយឡើងវិញ ។ វាគ្មិនដែលមកពីស្ថាប័ន គឺមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យជាដើម ។ សំណួរដែលបានលើកឡើងក្នុងកម្មវិធីសន្ទនាមតិ ភាគច្រើនផ្តោតទៅលើសុខភាព ការអប់រំ ស្រ្តីក្នុងការអភិវឌ្ឍន៍ និងយេនឌ័រ ការបង្កើតផលិតផលកសិកម្ម ។ល។ រាល់សំណួរទាំងអស់ត្រូវបានផ្តល់នូវចម្លើយ និងការបកស្រាយបំភ្លឺ យ៉ាងក្បោះក្បាយច្បាស់លាស់ និងការណែនាំពីវិធានការផ្សេងៗ ដើម្បីដោះស្រាយតាមការជាក់ស្តែងថែមទៀតផង ។
ទំនាក់ទំនងមកកាន់វិទ្យុជាតិ
Address: No. 6, វិថី ព្រះអង្គយុគន្ធរ (19), កែងវិថី ព្រះអង្គនន្ទ (102), Phnom Penh 12202
Hotline: 012 737 356
[google-map]No. 6, វិថី ព្រះអង្គយុគន្ធរ (19), កែងវិថី ព្រះអង្គនន្ទ (102), Phnom Penh 12202[/google-map]
For the fastest reply, please use the contact form below.