រដ្ឋមន្រ្ដីក្រសួងព័ត៌មានថ្លែងថាស្ថា ប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលម្ហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា

Narith | ថ្ងៃទី 13 ខែ កុម្ភៈ ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៣ កុម្ភៈ ២០២៤

a15-22

a9-38

a10-38

a11-34

a12-34

a13-29

a14-29

MC៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានថ្លែងថាស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលម្ហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន  បានសរសេរនៅក្នុងផេក Facebook ផ្លូវការឱ្យដឹងថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមចូលរួមអបអរសាទរជាមួយលោក លោកស្រីជាម្ចាស់ស្ថានីយវិទ្យុ ផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទូទាំងសកលលោក ក្នុងឱកាស ទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ឯកឧត្តមបញ្ជាក់ថា ទិវាវិទ្យុពិភពលោកត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល។ នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភពលោកត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating» បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ទន្ទឹមនេះ ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។
ឯកឧត្តម បន្ដថា ក្នុងដំណាក់កាលរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជាពិសេស ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ស្ថាប័នវិទ្យុកម្ពុជាកំពុងយកចិត្តទុកដាក់បង្កើនប្រតិបត្តិការ ដោយបានសម្របខ្លួនតាមរយៈការរួមបញ្ចូលមធ្យោបាយផ្សព្វផ្សាយជំនាន់ថ្មី ដែលមានទម្រង់ចម្រុះ មានទាំងរូបភាព និងសំឡេង  ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយខ្លាំងជាងមុន ទាំងបែបបុរាណនិងទំនើប ដោយបានបង្កើតកម្មវិធីជាច្រើនប្រធានបទ ដើម្បីចូលរួមអប់រំ និងលើកកម្ពស់ចំណេះដឹងប្រជាជនកម្ពុជា។ ជាមួយកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ឯកឧត្តមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពុះពារជំនះនូវរាល់ឧបសគ្គរបស់លោក លោកស្រីជាផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុរដ្ឋនិងឯកជន ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជូនសាធារណជនជាតិនិងអន្តរជាតិ ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិកអុជអាល ញុះញង់ ជេរប្រមាថ និងរើសអើង ក្នុងគោលបំណងបង្កអសន្តិសុខសង្គម និងបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន  បន្ថែមថា ជាមួយសមិទ្ធផល និងស្នាដៃគួរកត់សម្គាល់កន្លងមក ក្នុងនាមក្រសួងព័ត៌មាន សូមផ្តល់ជូនអនុសាសន៍មួយចំនួន សម្រាប់ជាធាតុចូលបន្ថែមដល់ប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជា ដោយត្រូវយកចិត្តទុក ដាក់ កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។ បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន៕