ក្រសួងវប្បធម៌បង្កើនសកម្មភាពចូលរួមជាមួយយុវជនក្នុងការពង្រឹងសហគ្រិនភាព ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៧ ៣ ២០២៤

IMG_3429-2

IMG_3430

IMG_3433

IMG_3434-1

IMG_3432-1

ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួង នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជនក្នុងការពង្រឹងសហគ្រិនភាព តាមរយៈការផ្តល់ជំនួយបច្ចេកទេសនិងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានភាពប្រសើរឡើង។
ក្នុងឱកាស “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤” និង ពិធីសំណេះសំណាលជាមួយសិល្បករសិល្បការិនីទូទាំងប្រទេសលើកទី៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា នៅគ្រប់កាលៈទេសៈទាំងអស់ ទោះជាក្នុងភាពរីករាយក្តី ឬក្នុងស្ថានភាពលំបាកលំបិនក្តី រាជរដ្ឋាភិបាលកម្ពុជា តែងតែកំណត់យ៉ាងច្បាស់ថា វប្បធម៌គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជា មូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌អរិយធម៌ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។
លោកជំទាវបណ្ឌិត បានបន្តថា ទស្សនទាន “ អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស ” បានក្លាយជាគោលការណ៍យុទ្ធសាស្ត្រដ៏ជាក់ ច្បាស់សម្រាប់ វិស័យវប្បធម៌ សិល្បៈ នៅកម្ពុជា។ ការរៀបចំទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ មានលក្ខណៈទូលំទូលាយ ទាំងក្នុងស្រុកនិងក្រៅស្រុក ទាំងវិស័យរដ្ឋ ឯកជន និងអង្គការជាតិ អន្តរជាតិនានា គឺជាការរំឭកអំពីសារៈសំខាន់ និងជំរុញ កិច្ចការអភិរក្សរួមគ្នាលើវិស័យវប្បធម៌ សិល្បៈ ប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា ដែលជាកេរដំណែលដ៏ថ្លៃថ្លា របស់បុព្វបុរសខ្មែរយើង។
លោកជំទាវបណ្ឌិត បានបន្តទៀតថា រយៈពេល៩ឆ្នាំកន្លងមកនេះ ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធក្រោមប្រធានបទតែមួយគឺ “ យុវជនដើម្បី វប្បធម៌ជាតិ ដើម្បីជំរុញការយល់ដឹងដល់គ្រប់មជ្ឈដ្ឋានទាំងអស់អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន ហើយក៏ជាព្រឹត្តិការណ៍រំឭកនិងបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាពនៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងសង្គមសេដ្ឋកិច្ចផងដែរ។
លោកជំទាវបណ្ឌិត បានបន្ថែមទៀតថា តាមរយៈសារាចរណែនាំដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ក្រសួងវប្បធម៌ បានបន្តបង្កើននិងពង្រឹងសកម្មភាពបន្ថែមមួយចំនួនសំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹងអំពីតម្លៃនិងភាពសម្បូរបែបនៃវប្បធម៌សិល្បៈជាតិ ដល់គ្រប់ស្រទាប់មហាជន តាមសកម្មភាពផ្សព្វផ្សាយ បណ្តុះបណ្តាលសិក្ខាសាលា ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដោយផ្តោតជាអាទិភាពទៅលើការចូលរួមរបស់យុវជន។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា  ជាមួយការចូលរួមរបស់យុវជន ក្រសួងនឹងបង្កើនសកម្មភាព ក្នុងការផ្តល់ជំនួយបច្ចេកទេសនិងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌របស់ជាតិឱ្យកាន់តែមានភាពរីកចម្រើន។
« ជាមួយគ្នានេះវត្តមានរបស់យុវជនកាន់តែមានលក្ខណៈផុលផុសនៅក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលក្នុងស្ថានភាពនេះ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ នឹងបង្កើនសកម្មភាពចូលរួមជាមួយយុវជន ដើម្បីពង្រឹងសហគ្រិនភាព ផ្តល់ជំនួយបច្ចេកទេស និងពង្រីកឱកាសអាជីវកម្ម ក្នុងវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត »។
គួរជម្រាបថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌អរិយធម៌ជាតិដ៏ឧត្ដុង្គឧត្តមនេះ រាជរដ្ឋាភិបាល សម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែ សកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ ដូចជា លើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុស ឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំង វប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិន ប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ៕

Comments

Related posts