កម្មវិធីបណ្តុះបណ្តាល១លាន៥សែនដល់យុវជនក្នុងគ្រួសារក្រីក្រ កំពុងដំណើរការអនុវត្តនៅក្នុងខេត្តចំនួន១២

 វិទ្យុជាតិកម្ពុជា៖គឹមហឿន


ស្ទឹងត្រែង៖ គណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តស្ទឹងត្រែងតម្រូវឱ្យអាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូរួមគ្នាបង្កើនការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧លើ កម្មវិធីបណ្តុះបណ្តាលយុវជន១លាន៥សែនឱ្យមានជំនាញប្រកបដោយប្រសិទ្ធភាព។
         ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១របស់គណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី២៨មិនាឆ្នាំ២០២៤ លោកញែមសារីអភិបាលរងខេត្តមានប្រសាសន៍ថា៖នេះជាគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលបានដាក់ចេញនូវរបបសន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយមិនបង់ថ្លៃសិក្សាឡើយ ។


   លោកបន្តថា៖ បរិបទនេះគឺចង់ឱ្យយុវជនម្នាក់មានជំនាញមួយ និងអាជីពមួយច្បាស់លាស់ ដើម្បីយកទៅបម្រើការងារ ឬបើកអាជីវកម្មប្រកបមុខរបរ  នៅតាមមូលដ្ឋានសហគមន៍ក្នុងខេត្ត ដើម្បីកាត់បន្ថយការទៅរកការងារធ្វើនៅក្រៅខេត្ត និងនៅក្រៅប្រទេស។
 សំឡេង៖" អ៊ីចឹង អាជ្ញាធរស្រុក ត្រូវធ្វើយ៉ាងណាត្រូវតែមានការផ្សព្វផ្សាយ នៅក្នុងកិច្ចប្រជុំឬសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗយើងត្រូវ មានការផ្សព្វផ្សាយឱ្យបានច្រើន   ធ្វើម៉េចឱ្យពួកគាត់ បានមកចូលរួមរៀនជំនាញ វិជ្ជាជីវៈហ្នឹង  ឱ្យបានច្រើនតាម តម្រូវការរបស់រាជរដ្ឋាភិបាល   ដើម្បីជាធនធាន មនុស្ស  ហើយដើម្បីជាការរីកចម្រើនរបស់ខេត្តស្ទឹងត្រែងយើងផងដែរ។"


         លោកសំឡុតសីម៉ាអនុប្រធាននាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រនិងជាប្រធានក្រុមការងារទទួលបន្ទុកគណៈកម្មាធិការបណ្តុះបណ្តាលបានបញ្ជាក់ថា៖   តាមរយៈកម្មវិធីអភិវឌ្ឍជំនាញនេះយើងមានទីភ្នាក់ងារស្វីសខនថាក់ សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅតាមខេត្តគោលដៅ ហើយចំពោះយុវជនមានបណ្ណសមធ៌មមកពីគ្រួសារ ក្រីក្រ ទទួលបានការជួយឧបត្ថម្ភថវិកា២៨ម៉ឺនរៀលបន្ថែមក្នុងមួយខែ នៅពេលមករៀនសូត្រយកជំនាញ។


       លោកសុខចាន់ សំអឿន អភិបាលរងក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ជុំវិញកិច្ចការងារនេះកន្លងមកអាជ្ញាធរក្រុងនិងអង្គភាពពាក់ព័ន្ធជាពិសេសនៅតាមសាលាវិទ្យាល័យ តែបានផ្តល់តួលេខចំពោះយុវជនដែលបានឈប់សិក្សា  ហើយអាជ្ញាធរតែងបានណែនាំនិងជំរុញទៅមាតាបីតាឱ្យនាំកូនមកជួបជាមួយគ្រូជំនាញនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត  ដើម្បីចុះឈ្មោះរៀនយកជំនាញវិជ្ជាជីវៈ។


    លោកបន្តថា៖កាតព្វកិច្ចប្រកបដោយបរិយាបន្ននេះអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត  ដើម្បីឱ្យមាតាបិតាអាណាព្យាបាល ស្វែងយល់និងផ្តល់ឱកាសឱ្យកូនបានមកសិក្សាយកជំនាញទៅតាមការចង់បាន ។
    សូមបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញនេះគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់យកខេត្តចំនួន១២  ក្នុងនោះខេត្តគោលដៅចាស់  មានចំនួន៥ គឺខេត្តក្រចេះ -ស្ទឹងត្រែង- រតនគិរី -មណ្ឌលគិរី-និងព្រះវិហារ  ចំណែកខេត្តត្រូវជ្រើសរើសថ្មី  មានខេត្តចំនួន៧ក្នុងនោះមានខេត្តកំពង់ឆ្នាំង-ពោធិសាត់ -បាត់ដំបង-ប៉ៃលិន-បន្ទាយមានជ័យ-ឧត្តរមានជ័យ-និងខេត្តកោះកុង៕

photo_2024-03-28_15-16-47

photo_2024-03-28_15-16-55

photo_2024-03-28_15-17-08

Comments

Related posts