វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤
MC. នៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ រហូតដល់២៩ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ថ្នាក់ខេត្ត នៅក្នុងខេត្តសៀមរាប ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននាំយកខ្លែងខ្មែរមកតាំងបង្ហាញ និងបង្ហាត់បង្រៀនអំពីវិធីសាស្ត្រនៃការធ្វើខ្លែង ទៅដល់ស្រទាប់យុវជនជំនាន់ក្រោយ។
លោក អ៊ាន សុធាវី អនុប្រធាននាយកដ្ឋានអភិវឌ្ឍវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ក្នុងឱកាសនាំយកខ្លែងឯកខ្មែរ មកតាំងបង្ហាញក្នុងទិវាវប្បធម៌ជាតិថ្នាក់ខេត្ត នៅក្នុងខេត្តសៀមរាបថា ខ្មែងជាកេរមរតករបស់ដូនតាខ្មែរ តាំងពីបុរាណកាលមក ការយកខ្លែងមកតាំងបង្ហាញនេះ ក្នុងគោល បំណងផ្សព្វផ្សាយ ទៅកាន់យុវជនជំនាន់ក្រោយជាអ្នកបន្តវេន ឱ្យបានយល់ដឹងអំពីអត្តសញ្ញាណរបស់ខ្លែងខ្មែរ ជាពិសេសបង្ហាត់បង្ហាញឱ្យពួកគាត់បានឈ្វេងយល់ដោយផ្ទាល់តែម្តង។ លោកថា នៅក្នុងពិព័រណ៍នេះ មិនត្រឹមតែយកខ្លែងយ៉ាងច្រើនប្រភេទ មកបង្ហាញប៉ុណ្ណោះ ចំពោះយុវជនដែលមានបំណងចង់រៀនធ្វើខ្លែង ក៏អាចចូលរួមបាន ដោយមានព្រឹទ្ធាចារ្យខ្លែង មានជំនាញជាច្រើនឆ្នាំ រង់ចាំបង្ហាញពីក្បួនខ្នាតនៃធ្វើការខ្លែងយ៉ាងណាឱ្យបានស្អាត និងអាចហោះបានល្អផងដែរ។
លោកបានបន្តទៀតថា នៅក្នុងពិព័រណ៍ខ្លែងខ្មែរ ដែលបានរៀបចំនៅក្នុងថ្ងៃទីមួយ មានការចូលរួមគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់សិស្សានុសិស្ស និងសាធារណជនទូទៅ ដោយពួកគាត់ចង់ចេះ ចង់ដឹងពីប្រវត្តិ នៃខ្លែងឯកខ្មែរ ដើម្បីបន្តថែរក្សាអត្តសញ្ញាណមួយនេះ កុំឱ្យបាត់បង់
ទន្ទឹមនឹងការទស្សនាពិព័រណ៍ឈ្វេងយល់នឹងហើយ ក៏មានការបង្ហាត់បង្រៀនធ្វើខ្លែងដែរ ចំពោះសិស្សដែលបានចូលមកកន្លែងហ្នឹង ព្រឹកមិញមានសិស្ស សាលាជាច្រើនគាត់មក ខ្ញុំបានធ្វើបទបង្ហាញពីការធ្វើខ្លែងខ្មែរ ពន្យល់ពីរបៀបធ្វើខ្លែងខ្មែរ និងបង្ហាត់ បង្រៀនធ្វើខ្លែងនៅក្នុងស្តង់នេះ។សំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ជាពិសេសយុវជន មានតែការចូលរួមគាំទ្រទាំងអស់គ្នាទេ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ខ្លែង សុំឱ្យចូលរួមគាំទ្រទាំងអស់គ្នា កាលណាមានការចូលរួមបានច្រើន ការអភិឌ្ឍនិងអភិរក្សបានយូរអង្វែង កាន់តែផុសផុល កាន់តែមានការផ្សព្វផ្សាយថែមទៀត។
សូមជម្រាបថា ខ្លែងគឺជាកេរមរតករបស់ដូនតាខ្មែរ បានបន្សល់ទុកតាំងពីបុរាណកាលមក។ ខ្លែងមានច្រើនប្រភេទណាស់ ប៉ុន្តែក្នុងនោះ ខ្លែងឯក ឬខ្លែងព្នង ឬខ្លែងមេកូន ជាខ្លែងប្រពៃណីមួយបែបដែលមានប្រជាប្រិយភាពជាងគេក្នុងចំណោមខ្លែងខ្មែរ។ ក្នុងសង្គមខ្មែរ ការបង្ហើរ ខ្លែងពុំគ្រាន់តែជាការកម្សាន្តសប្បាយនោះទេ គឺជាពិធីដែលមានទំនាក់ទំនងភ្ជាប់ទៅនឹងសាសនា ជំនឿរបស់អ្នកស្រុក ដែលជាពិធីបុណ្យមួយ នៃបុណ្យទ្វាទសមាសតាំងពីបុរាណមក និងបានបន្តថែរក្សា រហូតមកដល់សព្វថ្ងៃដោយកូនខ្មែរជំនាន់ក្រោយ៕
Comments