វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១ ៤ ២០២៤
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមរៀបចំទីតាំងកម្សាន្តសប្បាយចំនួន៤កន្លែង ដើម្បីបង្កលក្ខណៈ សប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងការទទួលទេវតាឆ្នាំថ្មី និងជាកន្លែងលេងកម្សាន្តដែលមើលទៅគួរឱ្យជាទីគយគន់ និង បង្កភាពសប្បាយរីករាយក្នុងឱកាសការឈប់សម្រាក។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាន មានប្រសាសន៍ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹង រៀបចំសង្ក្រាន្តនៅទីតាំងចំនួន៤ ដែលទីតាំងទី១ នៅសួនវិមានឯករាជ្យ ទីតាំងទី២ នៅសួនសម្តេចចៅហ្វា វាំងគង់ សំអុល ទីតាំងទី៣ នៅសួនបាញ់ទឹក លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងទីតាំងទី៤ នៅតំបន់ ត្រជាក់ ក្នុងក្រុងកំពង់ឆ្នាំង ឱ្យមានភាពអធឹកអធម និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរទេសចរណ៍ បានបន្តថា នៅទីតាំងទាំង៤ ដែលត្រូវរៀបចំសង្ក្រាន្តនេះ នឹងមានការរៀបចំ លេងល្បែងប្រជាប្រិយប្រពៃណីជាតិគ្រប់ប្រភេទ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង និងមានការប្រគំតន្ត្រីរាំលេងកម្សាន្ត ព្រមទាំងមានការបាញ់កាំជ្រួចផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ចំពោះទីតាំងទី១តំបន់ត្រជាក់ តំបន់នេះស្ថិតនៅក្នុង ភូមិផ្សារលើនិងភូមិផ្សារក្រោម ហើយតំបន់នេះរដ្ឋបាលខេត្តបានបង្កើតឡើង ដោយឆ្នាំនេះជាឆ្នាំ ទី២ហើយ។ ទីតាំងទី២ស្ថិតនៅក្នុងសួនច្បារ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលមានទីតាំង ស្ថិតនៅមុខសាលាខេត្ត ដែលរដ្ឋបាលខេត្ត រៀបចំពិធីទទួលទេវតានិងរៀបចំលេងកម្សាន្ត ល្បែងប្រជាប្រិយ ផ្សេងៗ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនិងប្រជាជន មកពីទីជិត ទីឆ្ងាយ លេងកម្សាន្តដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ជាដើម តាមប្រពៃណី ខ្មែរ។
លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់បន្ថែមទៀតថា ចំពោះទីតាំងទី៣ ស្ថិតនៅក្នុងសួនច្បារ សម្ដេច ចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ដោយមានការរៀបចំតុបតែង ទង់ជាតិ ទង់ព្រះពុទ្ធ សាសនា បំភ្លឺភ្លើងពណ៌និងរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរ អនាម័យក្នុងសួន នឹងមានការរៀបចំ លេងល្បែងប្រជាប្រិយខ្មែរ ដូចជាទាញព្រ័ត្រ ចោលឈូង រាំវង់ រាំក្បាច់ និងរាំកម្សាន្តផ្សេងៗ ក្រាមដតំណក់ ទឹកភ្លៀង ដែលរដ្ឋបាលខេត្តនឹងរៀបចំការបាញ់ទឹកដោយរថយន្ត គឺមានលក្ខណៈសប្បាយរីករាយ និងតំបន់ទី៤ គឺនៅសួនវិមានឯករាជ្យ ដោយមានលក្ខណៈការតុបតែង ទង់ជាតិ ទង់សាសនា ភ្លើងពណ៌ និងការតុបតែងផ្សេងៗទៀត ដើម្បីរៀបចំទីតាំងលេងតន្រ្តី កម្សាន្ត ជូនភ្ញៀវ មកពីទីជិតឆ្ងាយ ដើម្បីលេង កម្សាន្តផងដែរ។
សំឡេង « រដ្ឋបាលខេត្តមានការរៀបចំតុបតែង ទង់ជាតិ ទង់ព្រះពុទ្ធសាសនា បំភ្លឺភ្លើងពណ៌និងរៀបចំ សណ្តាប់ធ្នាប់អ្នកលក់ដូរ អនាម័យក្នុងសួន ហើយនឹងមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ ចោលឈូង រាំវង់ រាំក្បាច់ និងរាំកម្សាន្តផ្សេងៗក្រាមតំណក់ទឹកភ្លៀង ដែលរដ្ឋបាលខេត្ត នឹង រៀបចំបាញ់ទឹក ការបាញ់ទឹកដោយរថយន្ត គឺមានលក្ខណៈសប្បាយរីករាយ គឺយើងអាចរាំកម្សាន្តបាន នៅក្រោមតំណក់ទឹកភ្លៀងនៃទឹករថយន្ត រយៈពេល៣ថ្ងៃដែរ គឺថ្ងៃទី១៣ ១៤និង១៥ ខែមេសា »។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ឆ្នាំង២០២៤ ដើម្បីបង្ហាញឱ្យក្មេងជំនាន់ក្រោយ បានស្គាល់ ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែប និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ក្នុងខេត្តកំពង់ឆ្នាំងនិងមានការប្រគំតន្ត្រី ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋទស្សនា និងរាំលេងកំសាន្តសប្បាយផងដែរ។ ការរៀបចំសង្ក្រាន្តឆ្នាំថ្មីគឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនា កម្សាន្តកាន់តែច្រើនឡើងនិងផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ និង ឆ្លុះបញ្ចាំង ពីសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរដំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើង ដែលជា មោទនភាពជាតិដើម្បីកូនខ្មែរជំនាន់បន្តវេនទៅអនាគត៕