ស្ថានីយបណ្ដុះកូនឈើ៨ហិកតា កំពុងបណ្តុះកូនឈើពូជប្រណិតៗ៤ប្រភេទ ត្រៀមដាំដុះនារដូវវស្សា

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

IMG_8607-1

IMG_8602-1

IMG_8603-1

IMG_8599

IMG_8595-1

IMG_8598-1

MC. ស្ថានីយបណ្ដុះកូនឈើ៨ហិកតា គឺជាស្ថានីយមួយក្នុងចំណោមស្ថានីយទាំង១០ របស់អាជ្ញាធរជាតិអប្សរា មិនខុសគ្នាពីស្ថានីយដទៃទៀតប៉ុន្មានឡើយ ស្ថានីយមួយនេះកំពុងបង្កើន សកម្មភាព ក្នុងការបណ្ដុះកូនឈើពូជប្រណិតៗ ដើម្បីត្រៀមសម្រាប់ទុកដាំនារដូវវស្សាខាងមុខ។

កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានឱ្យដឹងថា ស្ថានីយបណ្ដុះកូនឈើ៨ហិកតា មានទីតាំងស្ថិតក្នុងឧទ្យានអង្គរ ដោយមានបណ្តុះប្រភេទពូជឈើប្រណិតៗ ចំនួន៤ប្រភេទ មានឈើបេង ធ្នង់ គ្រញូង និងច្រេសជាដើម។កញ្ញាថា បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរៀបចំលាយដី សាបកូន បណ្ដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា កូនឈើទាំងអស់លូតលាស់បានល្អ បើទោះបីរដូវប្រាំងអាកាសធាតុក្តៅមានកូនឈើខ្លះពិបាកក្នុងការបណ្តុះនិងថែទាំក៏ដោយ។ 
កញ្ញាបន្តថា ក្នុងមួយឆ្នាំៗ ស្ថានីយអាចបណ្ដុះកូនឈើបានប្រមាណ៣ម៉ឺនដើម សម្រាប់ទុកដាំដុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងសម្រាប់ចែកចាយទៅស្ថាប័នខាងក្រៅយកទៅដំាដុះបន្ត។ ដោយឡែកឆ្នាំ២០២៤នេះស្ថានីយមាន កូនឈើសរុបប្រមាណ៦ម៉ឺនដើម សម្រាប់បញ្ចេញទុកដាំដុះក្នុងរដូវវស្សា គឺរាប់ចាប់ពីទើបបាចសាបក្នុងថ្នាល និងរហូតកូនឈើមានកម្ពស់២ម៉ែត្រ។  
សម្រាប់ស្ថានីយ៨ហិកតា យើងមានប្រភេទដើមឈើ បើដើមឈើប្រណិតយើងមាន៤ប្រភេទ អ៊ីចឹងការបណ្តុះនេះមានបណ្តុះច្រើន អ៊ីចឹងយើងអាចផ្គត់ផ្គង់ការដាំដុះនៅរដូវវស្សាបាន និងធ្វើការចែកចាយទៅស្ថាប័នផ្សេងៗ។ ជារួមការបណ្តុះនេះយើងមើលទៅស្ថានភាពនៃការចែកចាយប្រភេទកូនឈើដែរ នៅពេលយើងចែកចាយនូវប្រភេទកូនឈើដូចជាគ្រញូងដែលយើងត្រូវបញ្ចេញច្រើន អ៊ីចឹងយើងត្រូវសម្រុកបណ្តុះគ្រញូងហ្នឹងឡើងវិញ អ៊ីចឹងមានន័យថាការបណ្តុះប្រភេទកូនឈើហ្នឹងគឺបណ្តុះបន្តបន្ទាប់គ្នាឆ្លាស់មុខគ្នា។
សូមជម្រាបផងដែរថា ស្ថានីយបណ្ដុះកូនឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមានចំនួន១០ទីតាំង ដែលកំពុងដំណើរការបណ្តុះកូនឈើ សម្រាប់ដាំ និងចែកចាយ នៅក្នុងរមណីយដ្ឋានអង្គរ មានដូចជា៖ ស្ថានីយប្រាសាទតាកែវ ស្ថានីយ៨ហិកតា ស្ថានីយមណ្ឌល៣ ស្ថានីយបារាយណ៍ខាងលិច ស្ថានីយអូរខ្លូត ស្ថានីយក្រាំងក្រូច ស្ថានីយព្រះខ័ន ស្ថានីយស្ពានឈើ ស្ថានីយអង្គមោល  និងស្ថានីយតាសោម។ ដោយស្ថានីយនីមួយៗ មានតួនាទីភារកិច្ចខុសៗគ្នា ក្នុងការងារបណ្តុះកូនឈើ មានទាំងប្រភេទពូជឈើប្រណិតៗ ឈើហូបផ្លែ និងប្រភេទផ្កាជាដើម៕

Comments

Related posts