ប្រជាពលរដ្ឋនៅឃុំតាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែងនាំគ្នាទៅរើសផ្លែសំរងតាមដងព្រៃជួរភ្នំប្រឡាពស់

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅឃុំតាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែង នៅមុនពេលរដូវបង្កបង្កើនផលចូលមកដល់ បាននាំគ្នាចូលព្រៃដើររើសផ្លែសំរងដែលទំស្ងួត ក្នុងព្រៃដើម្បីយកទៅលក់ និងបរិភោគ។

ក្នុងសកម្មភាពដើររើសផ្លែសំរងនៅតាមដងព្រៃជួរភ្នំប្រឡាពស់កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤ លោកសាយប៊ុនឡាយ ប្រជាពលរដ្ឋរស់នៅភូមិក្របីជ្រុំ ឃុំតាឡាតបានបញ្ជាក់ថា៖ នេះជាមុខរបររបស់ប្រជាពលរដ្ឋនៅទីជនបទបន្ទាប់ទំនេរពីការងារស្រែចម្ការដល់រដូវប្រមូលផលអនុផលព្រៃឈើទំ នាំគ្នាដើររើស ផ្លែសំរង បេះផ្លែគុយផ្តៅដំបង និងបន្លែស្លឹកធម្មជាតិផ្សេងៗទៀតសម្រាប់ធ្វើជាចំណីអាហារបង្គ្រប់ការបរិភោគប្រចាំថ្ងៃនិងសល់អាចលក់បានប្រាក់ចំណូលបន្ថែម

លោកបន្តថា៖ដូចជាផ្លែសំរងនេះជាដើម បងប្អូនយើងដើររើសក្នុងព្រៃជ្រៅៗបានក្នុងមួយថ្ងៃចាប់ពី៣ទៅ៥គីឡូក្រាម ហើយមានគប់ជួនពេលខ្លះបងប្អូនយើង អាចដេកផ្លូវ១យប់ឬ២យប់ក៏មាន ដើម្បីតែកត្តាជីវ​ភាព និងលក់បានប្រាក់ខ្លះសម្រាប់ដោះស្រាយនៅពេលរដូវបង្កបង្កើនផលចូលមកដល់ក្នុងខែឧសភានិងមិថុនា​ខាង​មុខនេះ

លោកឃីតភិតមេឃុំតាឡាតបានគាំទ្រដល់ការឧស្សាព្យាយាមរបស់បងប្អូនប្រជាពលរដ្ឋយើងតែការចូលព្រៃទៅរកផល្លានុផលនេះអ្នកដេកផ្លូវត្រូវចេះជូនដំណឹងមកអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ ឬមន្ត្រីនគរបាលប៉ុស្តិ៍ឱ្យបានដឹងដើម្បីយើងងាយស្រួលក្នុងការជួយគ្នានៅពេលមានហានីភ័យណាមួយកើតឡើងដោយយថាហេតុ​។

លោកស្រី ភួនខាំផៃ រស់នៅភូមិស្វាយរៀងឃុំតាឡាតនេះដែរបានបញ្ជាក់ថា៖មុខរបរនេះជាប្រពៃណីមួយដែលប្រជាពលរដ្ឋយើងប្រកាន់ធ្វើជាយូរយារមកហើយទៅតាមទំលាប់ដូនតារស់នៅស្រុកស្រែចម្ការនេះឯង​។

លោកស្រីបន្តថា៖បច្ចុប្បន្នផ្លែឈើទាំងនេះមិនសម្បូរទេ ព្រោះព្រៃស្រោងមួយចំនួនដែលពលរដ្ឋធ្លាប់ចូលទៅរកបានត្រូវបានជនខិលខូចកាប់ព្រៃរានយកដីធ្វើឱ្យបាត់បង់ធនធានធម្មជាតិធស់មួយចំណែកធំហើយករណីនេះអាជ្ញាធរស្រុកកំពុងមានចំណាត់ការផងដែរ

សូមបញ្ជាក់ថា៖ផ្លែសំរងនេះមានអ្នកប្រមូលទិញនៅតាមភូមិក្នុងមួយគីឡូក្រាមតម្លៃ៥ម៉ឺនរៀល ហើយលក់ចេញនៅទីផ្សារមានតម្លៃ៦ម៉ឺនរៀល ផ្លែដែលមានគុណភាពលេខមួយ ដែលអតិថិជននិយមបរិភោគដោយគិតថាវាជាប្រភេទផ្លែឈើមានជាតិឱសថជួយផ្នែកសុខភាព៕

photo_2024-04-18_16-11-22

photo_2024-04-18_16-11-26

photo_2024-04-18_16-11-31

 

Comments

Related posts