ប្រជាពលរដ្ឋ៨៨ គ្រួសារនៅភូមិវើនសៀន ឃុំអូរស្វាយ រីករាយជាមួយសមិទ្ធិផល ស្ពានថ្នល់ថ្មី

វិទ្យុជាតិកម្ពុជា៖ គឹមហឿន

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋ៨៨ គ្រួសារនៅភូមិវើនសៀន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រីករាយពេលទទួលបានស្ពាន និងផ្លូវស្រួលធ្វើដំណើរ ខណៈពីមុនប្រជាពលរដ្ឋត្រូវប្រើទូកកាណូតជាមធ្យោបាយ ធ្វើដំណើរទៅវិញទៅមក។

ក្នុងឱកាសចុះពិនិត្យសមិទ្ធផលផ្លូវ ស្ពានចាប់ចេញេពីទីរួមស្រុកបុរីអូរស្វាយទៅកាន់ភូមិវើនសៀននៅថ្ងៃទី១៩មេសាឆ្នាំ២០២៤ លោកលីមីណាអភិបាលស្រុកបានបញ្ជាក់ថា៖ រដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យ ដោះស្រាយភាពលំបាកនេះ ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍ស្រុកសាងសង់ស្ពានឈើក្បាលស្ពានបេតុង តភ្ជាប់ផ្លូវគ្រួសក្រហម ដែលមន្ទីរអភិវឌ្ឍន៍ជនបទបានស្ថាបនា ហើយកាលពីឆ្នាំ២០២១ ដើម្បីឱ្យប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោកបន្តថា៖ បន្ទាប់ពីបានផ្លូវ ស្ពាននេះតភ្ជាប់គ្នាហើយ រដ្ឋបាលស្រុកមានចក្ខុវិស័យ មួយបន្ថែមទៀត គឺស្ថាបនាផ្លូវតាមជួរមាត់ឬទន្លេមេគង្គ តភ្ជាប់ទៅមកកាន់ទឹកដីក្រុងស្ទឹងត្រែង ដើម្បីបានបម្រើមធ្យោបាយដឹកជញ្ជូនកសិផល របស់ប្រជាកសិករ និងបានជំរុញដល់វិស័យទេសចរណ៍ឱ្យមានការរីកចម្រើនមកដល់តំបន់នេះផងដែ ។

លោកស្រី ហ៊ីចាន់ដន មេភូមិវើនសៀនបានគាំទ្រដល់ចក្ខុវិស័យនេះ ព្រោះប្រជាពលរដ្ឋរស់នៅតំបន់នេះតាំងពីឆ្នាំ១៩៦០មក មិនដែលមានផ្លូវសម្រាប់ជិះកង់ឬម៉ូតូទេ ប្រើប្រាស់តែទូកជាមធ្យោបាយ សម្រាប់ធ្វើដំណើរទាក់ទងគ្នា និងដឹកជញ្ជូនទំនិញទៅមកប៉ុណ្ណោះ ។

លោកស្រីបន្តថា៖សមិទ្ធផលថ្មីនេះជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅទីជនបទ ដោយសារតែកន្លងមកកសិករយើងផលិតផល កសិកម្មបាន គ្នានទីផ្សារបញ្ជាទិញទេកូនក្រមុំក៏អេគ្មានអ្នកមកដណ្តឹងដែរ។ ហើយបច្ចុប្បន្នមានផ្លូវមានស្ពានឈ្មួញបរឡានមកទិញដល់ផ្ទះ បានបង្ហាញគុណតម្លៃដែលបានមកពីការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ។

លោកផាន់រ៉ា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិនេះដែរ បានសាទរយ៉ាងក្រៃលែង ពេលនៅក្នុងភូមិមានផ្លូវស្ពានល្អបែបនេះ ព្រោះប្រជាពលរដ្ឋស្រូលធ្វើដំណើរបានឆាប់រហ័ស ដូចជាពេលមានជំងឺ ទៅមណ្ឌលសុខភាព កូនចៅទៅសាលារៀនក៏ទាន់ពេលវេលាដែរ។

សូមបញ្ជាក់ថា៖ស្ពានឈើ នេះមានប្រវែង ៥៥ ម៉ែត្រ ទទឹង៣,៥០ម៉ែត្រ ស្ថាបនាសម្រេចបានលទ្ធផល 95% ហើយសម្រាប់តភ្ជាប់ពីទីប្រជុំជនឃុំអូរស្វាយ ទៅកាន់ភូមិវើនសៀន ក្នុងចម្ងាយផ្លូវជាង២០ គីឡូម៉ែត្រ ដែលបានការបន្ថយទាំងស្រុងពីការប្រើប្រាស់ទូកជាមធ្យោបាយ៕

photo_2024-04-19_15-04-25

photo_2024-04-19_15-04-28

photo_2024-04-19_15-04-44

photo_2024-04-19_15-04-55

 

Comments

Related posts