រ៉ុក្កែត ៥ គ្រាប់ត្រូវបានបាញ់ចេញពីអ៉ីរ៉ាក់ សំដៅទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសស៊ីរី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8996-2

IMG_8997-2

IMG_9003-2

អន្តរជាតិ៖ មន្ត្រីសន្តិសុខអ៉ីរ៉ាក់ ២ នាក់ បានរាយការណ៍ថា យ៉ាងហោចមានរ៉ុក្កែត ៥ គ្រាប់ត្រូវបានបាញ់ចេញពីទីក្រុង Zummar របស់ប្រទេសអ៉ីរ៉ាក់ សំដៅទៅរកមូលដ្ឋានយោធាអាមេរិកមួយស្ថិតនៅភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នេះជាការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកដំបូងបំផុត ចាប់តាំងពីដើមខែកុម្ភៈមក ជាពេលដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ក្នុងប្រទេសអ៉ីរ៉ាក់ បង្កើនការវាយប្រហារប្រឆាំងទ័ពអាមេរិក។ ការវាយប្រហារនេះទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Mohammed Shia al-Sudani នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ ត្រឡប់មកពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកបានជួបជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅឯសេតវិមាន។ ប៉ុន្តែភ្លាមៗមិនមានសេចក្ដីរាយការណ៍លម្អិតពីការវាយប្រហារខាងលើនោះទេ។ នៅព្រឹកថ្ងៃចន្ទនេះចលនាប្រដាប់អាវុធ Kataib Hezbollah ក្នុងប្រទេសអ៉ីរ៉ាក់បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានសម្រេចចិត្តចាប់ផ្ដើមបើកការវាយប្រហារឡើងវិញលើកងទ័ពអាមេរិកនៅលើទឹកដីអ៉ីរ៉ាក់ ក្រោយមើលឃើញពីភាពរីកចម្រើនតិចតួចពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីការដកកងទ័ពអាមេរិក ចេញពីទឹកដីអ៉ីរ៉ាក់អំឡុងទស្សនកិច្ចរបស់លោក Sudani នៅទីក្រុងវ៉ាស៊ីនតោន៕

Comments

Related posts