វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៣ ០៤ ២០២៤
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញជំហរគាំទ្រដល់ការបង្កើន កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលនឹងនាំមកនូវប្រយោជន៍ដល់ការអភិវឌ្ឍប្រទេស និងការលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការចូលរួមចំណែកធានាបាននូវវិបុលភាព និងសន្តិសុខសកល។
ការបញ្ជាក់ជំហរនេះ បានធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃប្រទេសចិន ដឹកនាំដោយឯកឧត្តម ចាង ឈីងលី(ZHANG Qingli) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមចិន កាលពីព្រឹកថ្ងៃទី២៣ ខែមេសា នៅវិមានរដ្ឋសភា ស្របពេលដែលឯកឧត្តម វ៉ាង យី (WANG YI) ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រីការបរទេសចិនមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
តាមប្រសាសន៍របស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់នូវចំណងមិត្តភាព ទំនាក់ទំនងជាប្រពៃណី រហូតឈានដល់មិត្តភាពដែកថែម បន្ទាប់ពីបានឆ្លងកាត់រាប់ទសវត្សរ៍មកហើយ ទោះបីស្ថិតក្នុងកាលៈទេសៈ លំបាកដូចជាក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅតែ សហការ ពួតដៃគ្នាប្រយុទ្ធប្រឆាំងរហូតបានជោគជ័យ។
អ្នកនាំពាក្យរូបនេះ បានបន្តថា ភាគីទាំងពីរបានចាត់ទុកដំណាក់កាលថ្មីនេះ ដោយគាំទ្រឱ្យមានការ ប្តេជ្ញាចិត្តក្នុងការជួយជំរុញ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវសហគមន៍មួយ មាន វាសនារួមក្នុងយុគសម័យថ្មី តាមរយៈការអនុវត្តផែនការសកម្មភាពច្បាស់លាស់ដូចជា៖ កិច្ចសហប្រតិបត្តិការនៃការបង្កើតឧទ្យានឧស្សាហកម្ម និងបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្នោតសំខាន់លើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម ថាមពល បច្ចេកវិទ្យា ជាដើម។ ទន្ទឹមគ្នានេះ ក៏មានការជំរុញកិច្ចសហប្រតិបត្តិការទៅលើច្រករបៀងមច្ឆា និងអង្ករ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពបន្ស៊ីគ្នា រវាងគំនិតផ្តួចផ្តើមនៃខ្សែក្រវាត់និងផ្លូវរបស់រដ្ឋាភិបាលចិន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍប្រទេស និងការលើកកម្ពស់ជីវភាពរបស់ ប្រជាជននៃប្រទេសទាំងពីរ សំដៅធានាបាននូវវិបុលភាព និងសន្តិសុខសកល។
ភាគីទាំងពីរ ក៏បានគាំទ្រ និងជំរុញដល់ទំនាក់ទំនងការងារនយោបាយ ដើម្បីចូលរួមចំណែកដល់ការ រក្សា សន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន តាមរយៈការប្រឹក្សាយោបល់ ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក៏ដូចជាការចូលរួមចំណែកដល់គំនិតផ្តួចផ្តើមជាសកលដែល ប្រទេសចិន បានដាក់ចេញបន្ថែមពីលើគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវ៕
Comments