សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីឆ្នាំ២០២៩

 

វិទ្យុជាតិកម្ពុជា

IMG_9128

IMG_9129

IMG_9131

IMG_9130

IMG_9132

IMG_9133

  សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ឱ្យកាន់តែល្អ បន្ទាប់ពីទទួលបានបទពិសោធន៍នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ យ៉ាងជោគជ័យនាពេលកន្លងទៅនេះ។  
  
 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យ លោក ថាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និង សហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
  ក្នុងឱកាសនៃជំនួប លោក ថាង ហ្គោដុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសំដែងនូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតី ដែលបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ថាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះ លោក ថាង ហ្គោដុន ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។ 
   លោកក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ លោកបន្តថា លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្ដើមបានមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនដល់ប្រទេសកម្ពុជា។
  ជាការឆ្លើយតប សម្តេចធិបតី បានសំដែងនូវការស្វាគមន៍ចំពោះលោក ថាង ហ្គោដុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ។  សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូន លោក ថាង ហ្គោដុន ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន នឹង ត្រៀមខ្លួន ក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះហើយដោយផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។  បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងផងដែរថាការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗមិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា។ ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំនូវព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ 
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក ថាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែងក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ ៕

Comments

Related posts