ព្រះសង្ឃ និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងចូលរួមអភិរក្សានៅតំបន់ប្រាសាទបាគូសម្រាប់បម្រើវិស័យទេសចរណ៍ និងជំនឿ

វិទ្យុជាតិកម្ពុជា ៖ លោកគឹមហឿន

ស្ទឹងត្រែង៖ តំបន់ប្រាសាទបាគូ ស្ថិតនៅក្នុងឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ជាកន្លែងប្រវត្តិសាស្ត្រមានសក្តានុពលទៅលើវិស័យទេសចរណ៍ ហើយព្រះសង្ឃនិង ប្រជាពលរដ្ឋ រួមជាមួយអាជ្ញាធរឃុំកំភុន បានបង្កើនការអភិរក្ស ។

ក្នុងពិធីបុណ្យ ស្រង់ប្រាសាទគូនៅភូមិឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣-មេសា ឆ្នាំ២០២៤ ព្រះតេជគុណស៊ុ ខេងចៅអធិការវត្តជ័យមង្គល នៅឃុំកំភុន មានសង្ឃដីកាថា ៖ តំបន់ប្រវត្តិសាស្ត្រនេះ ព្រះសង្ឃនិងប្រជាពលរដ្ឋ កំពុងរួមគ្នាអភិរក្ស ទាំងសម្បត្កិមរតកដូនតា និងធនធានធម្មជាតិដែលមានស្រាប់ និងបានដឹកនាំពុទ្ធបរិស័ទមកធ្វើពិធីបុណ្យស្រង់ប្រសាទជារៀងរាល់ឆ្នាំដើម្បី បង្ហាញឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ ហើយជួយថែរក្សាផង ។

ព្រះតេជគុណមានសង្ឃដីកាបន្តថា៖នៅពេលមកធ្វើបុណ្យទានម្ដងៗប្រជាពលរដ្ឋ ជាពិសេសយុវជនយើង មានជំនឿ ទៅលើអណ្តូងទឹកអម្រឹត ព្រោះ បាននាំគ្នាដួស ច្រកដបយកទៅផ្ទះគ្រប់ៗគ្នា ដើម្បីយកទឹកនេះ ទៅប្រោះព្រំផ្ទះសម្បែង កូនចៅតូចៗ ឱ្យត្រជាក់ត្រជុំ ទៅតាមទំលាប់ ដែលធ្លាប់ធ្វើដោយសារមានជំនឿថាទទួលបានសេចក្តីសុខចម្រើន ។

លោកស្រីតែមចាន់ណុំ អភិបាលរងស្រុកសេសានបានបញ្ជាក់ថា៖តំបន់នេះអាជ្ញាធរស្រុកបានកំណត់ផ្ទៃដី ទុកចំនួន១៤ហិកតា និងធ្វើផ្លូវព័ទ្ធជុំវិញ សម្រាប់អភិរក្សប្រាសាទគូ ហើយព្រះសង្ឃបានសាងសង់សាលាបុណ្យ និងស្ថាបនាផ្លូវចូលរួចរាល់ហើយមកដែរ ។

លោកស្រីចាត់ទុកថា៖ការរៀបចំពិធីបុណ្យនេះ បានរួមចំណែកពីព្រះសង្ឃ ជាវិធីសាស្ដ្រ មួយដ៏ល្អ ក្នុងការជួយលើកស្ទួយវិស័យសាសនាផង និងបានជំរុញដល់ការអភិរក្សផង ព្រោះអាជ្ញាធរស្រុក សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត បង្កើតឱ្យមានសហគមន៍អភិរក្សរួចមកហើយ ដើម្បីការពារសម្បត្តិវប្បធម៌នេះ ឱ្យស្ថិតនៅគង់វង្ស ។

លោកស្រីវ៉ាន់មុនធី ប្រជាពលរដ្ឋនៅភូមិ ឃុំ កំភុនស្រុកសេសានបានទទួលស្គាល់ថា៖ ប្រាសាទនេះជាសម្បត្តិវប្បធម៌នៅសេសសល់ពីដូនតាមកមែន ហើយប្រជាពលរដ្ឋយើង នៅពេលធ្វើបុណ្យប្រសាទនេះម្ដងៗតែមកអង្គុយបួងសួងសុំសេចក្តីសុខ។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានទីកន្លែងមរតកវប្បធម៌ចំនួន៦កន្លែងដូចជាប្រាសាទព្រះគោ- ប្រាសាទបាដើម-ប្រាសាទបាចុង-ប្រាសាទភ្នំធាតុ-ប្រាសាទ៩ល្វែង-និងប្រាសាទគូនេះជាដើម។ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធនៅខេត្តនេះ មិនទាន់ចាប់អារម្មណ៍រៀបចំឱ្យក្លាយឱ្យទៅជារមណីយដ្ឋានសម្រាប់បម្រើវិស័យទេសចរណ៍នៅឡើយទេ៕

photo_2024-04-23_10-44-42

photo_2024-04-23_15-41-57 (2)

photo_2024-04-23_15-41-57

Comments

Related posts