សិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងលើសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងកម្ពុជា

នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ TRIBE រាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួងលើសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងកម្ពុជា និងមានការចូលរួមពី ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ុក ណាវ៉ាន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈស្ថាបត្យករ គណៈវិស្វករ សមាគមន៍អ្នកសាងសង់កម្ពុជា វិស័យឯកជន និងសាកលវិទ្យាល័យសរុបចំនួន ៣០រូប។ សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងផ្តល់យោបល់លើ ៖ ១). សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំ និងវិញ្ញាបនត្រកម្មអគារបៃតងកម្ពុជា និង  ២). សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបង្កើតគណៈកម្មាធិការអគារបៃតង។ បន្ទាប់ពីកម្មវិធីបើកសិក្ខាសាលា ឯកឧត្តម មាស សុផល និងលោក អ៊ុក ណាវ៉ាន់ បានដឹកនាំកិច្ចពិភាក្សាពេញមួយថ្ងៃ។ 

សិក្ខាសាលាពិគ្រោះយោបល់នេះទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១. ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យមានកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដើម្បីជំរុញឱ្យមានការអនុវត្តរួមគ្នាលើការងារអគារបៃតង ក៏ដូចជាការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ លើសពីនេះឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថាគោលការណ៍ណែនាំ និងវិញ្ញាបនបត្រអគារបៃតងនេះគឺជាយន្តការលើកទឹកចិត្តទៅដល់អ្នកវិនិយោគលើគម្រោងអគារបៃតង ផ្តល់នូវគុណសម្បត្តិ និងទំនុកចិត្តជាច្រើនដល់អ្នកប្រើប្រាស់។

 ២. តំណាងនាយកដ្ឋានសេដ្ឋកិច្ចបៃតង បានធ្វើបទបង្ហាញ ស្តីពីទិដ្ឋភាពរួមនៃគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងកម្ពុជា និងសេចក្តីព្រាងប្រកាសអន្តរក្រសួងទាំងពីរខាងលើជូនអង្គសិក្ខាសាលាសម្រាប់ជាមូលដ្ឋានក្នុងការពិភាក្សា។ 

 

៣. អង្គប្រជុំបានចូលរួមផ្តល់ជាមតិយោបល់កែលម្អយ៉ាងផុសផុលលើសេចក្តីព្រាងប្រកាសអន្តរក្រសួងទាំងពីរ ដើម្បីធ្វើឱ្យមានសុគត្តិភាពជាមួយក្រមបរិស្ថាននិងធនធានធម្មជាតិ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងទម្រង់ឯកសារលិខិតបទដ្ឋានគតិយុត្ត។ 

៤. អង្គប្រជុំបានស្នើឱ្យក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បន្តពិភាក្សាទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយបន្ថែមសម្រាប់យន្តការអនុវត្តគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងកម្ពុជា។ ដោយពិនិត្យឃើញទំហំការងារ និងសមាសភាពចូលរួមរបស់ក្រសួងស្ថាប័ន អង្គប្រជុំស្នើឱ្យពិចារណាឡើងវិញក្នុងការតាក់តែងយន្តការស្ថាប័នអគារបៃតងជាទម្រង់អនុក្រឹត្យ។ 

៥. ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលាខាងលើ ឯកឧត្តម មាស សុផល មានអនុសាសន៍ណែនាំដល់ក្រុមការងារក្រសួងបរិស្ថាន បន្តកែសម្រួលប្រកាសទាំងពីរស្របតាមស្មារតីកិច្ចប្រជុំ និងត្រៀមសម្រាប់កិច្ចប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឱ្យការងារខាងលើទទួលបានលទ្ធផលល្អប្រសើរ។ACCFC5FC-C74B-4522-BDAD-769B5D754185BD90C115-F72E-41CA-ADAF-0A0D7D66BB7F4729309F-2B6A-4457-8611-DF2773DA62D4

Comments

Related posts