ប្រធានរដ្ឋឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ

 

 

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២៣ ០៤ ២០២៤

IMG_9182

IMG_9183

IMG_9184

IMG_9185

IMG_9187

IMG_9186

 

ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លើកទឹកចិត្តឱ្យរដ្ឋសភាកម្ពុជា-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ។ ជាមួយគ្នានេះ បានស្នើសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនិងសកម្មឡើង ជាមួយរដ្ឋសភាឡាវដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននិងប្រទេសជាតិទំាងសងខាង និងបានស្នើដល់រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ ដល់រដ្ឋសភាឡាវ នៅគ្រប់កម្រិត និងគ្រប់ជំនាញ។

 

ការជំរុញ និងការលើកសំណើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី២៣ ខែមេសានេះ នៅវិមានរដ្ឋសភា បន្ទាប់ពីឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា។

 

សម្តេចរដ្ឋសភាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនាពេលនេះពិតជាមានអត្ថន័យ និងជាកម្លាំងចលករដ៏សំខាន់ រួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ សាមគ្គីភាពដ៏ស្អិតល្មួត និងយូរអង្វែង ជាពិសេសជំរុញបន្ថែមទៀតដល់ការលើក កម្ពស់កម្រិតទំនាក់ទំនងឱ្យទៅ “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ”  ដែលនឹងនាំមកនូវផលប្រយោជន៌រួមជូនប្រទេស និងប្រជាជនទាំងសងខាង។ 

   ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានរំលឹកឡើងវិញ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនឡាវ ដែលបានទទួលស្វាគមន៍ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ប្រកបដោយភាពរាក់ទាក់ កក់ក្តៅជាទីបំផុត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី (កម្ពុជា ឡាវ វៀតណាម-CLV) នៅសាធារណរដ្ឋប្រជាមានិតឡាវ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់រដ្ឋសភាឡាវ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលCLVនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏ជូនពរដល់ប្រទេសឡាវ ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា (AIPA) នាចុងឆ្នាំ២០២៤នេះ។ 

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី គាំទ្រ និងអបអរសាទរចំពោះជោគជ័យនាពេលថ្មីៗក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមីនា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាចំនួន ៧ លើវិស័យសំខាន់ៗ ក្នុងនោះមាន វិស័យថាមពល ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ សន្តិសុខ ការពារជាតិ និងការបង្រ្កាបការជួញដូរគ្រឿងញៀននិងមនុស្សឆ្លងកាត់ព្រំដែន ជាដើម។  

 

ឯកឧត្ដម ថងលុន ស៊ីសុលីត បានសំដែងក្តីរីករាយជាខ្លំាងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ និងបានជួបពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ជាថ្មីម្តងទៀត ដែលជាស្រ្តីដំបូងគេនៅកម្ពុជា ទទួលបានតួនាទីជាថ្នាក់ដឹកនាំរដ្ឋសភាប្រកបដោយសក្តានុពល។ ឯកឧត្ដមប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជានៅលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានរំលឹកពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងកម្ពុជានិងឡាវ ដែលមានតំាងពីយូរយារណាស់មកហើយ។ កម្ពុជានិងឡាវជាមិត្ត បងប្អូន និងជាដន្លងនឹងគ្នា ដែលបានកៀកស្មា ពួតដៃគ្នាតស៊ូដណ្តើមឯករាជ្យជូនប្រទេសជាតិរៀងៗខ្លួន។ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Comments

Related posts