ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភាសង្ឃឹមថា ឆ្នាំ២០២៤នេះ ទេសចរចិននឹងមកទស្សនាប្រទេសកម្ពុជា កាន់តែច្រើន

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៤ ២៤

IMG_9273

IMG_9272-2

IMG_9270-2

IMG_9274

IMG_9271

ភ្នំពេញ៖ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភាសង្ឃឹមថា ឆ្នាំ២០២៤នេះ ទេសចរចិននឹងមកទស្សនាប្រទេស កម្ពុជាកាន់តែច្រើន ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ“ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី។

ក្នុងឱកាសទទួលជួប និងពិភាក្សាការងារជាមួយនឹងឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយ ប្រជាជនចិនអាណត្តិមុន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់  សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានបង្ហាញការពេញចិត្តលើទស្សនកិច្ចជាផ្លូវការ របស់ គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្របពេលគ្នានឹងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម  វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជា បានរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាង ប្រទេស និងសភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះប្រទេសកម្ពុជា ក្នុងការ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍ វាសនា រួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី។ 
ឯកឧត្តមបានបញ្ជាក់ដែរថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន ហើយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ទេសចរចិននឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រប្រទេសកម្ពុជា ក្នុងការជ្រើស រើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងសូមអគុណចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និង ប្រជាជនចិន ដែលបានរួមវិភាគទានយ៉ាងធំធេងក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមាន ការរីកចម្រើន។ ជាងនេះទៅទៀត ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយដែលឃើញទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ មានការរីកចម្រើនពីដំណាក់កាលមួយ ទៅដំណាក់ កាលមួយ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយ និង ការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញ ទៅមក។
ក្នុងឱកាសនោះដែរ ឯកឧត្តម Zhang Qingli បានសម្តែងនូវសេចក្តីរីករាយថា នេះជាលើកទី១ហើយ ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែមានអារម្មណ៍ ជិតស្និទដូចជាស្គាល់មិត្តភក្តិទាំងអស់យូរហើយ។ ប្រទេសចិនបានចាត់ទុកប្រទេសកម្ពុជាជាអ្នកជិតខាងល្អ ជាមិត្តភក្តិពិតប្រាកដ ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតតាំងពីយូរលង់ណាស់មកហើយ ដោយ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នា គាំទ្រគ្នាទៅវិញទៅមក និងបានបង្កើតគំរូ នៃការរួមរស់ដោយស្មើភាពគ្នារវាងប្រទេសធំ និងប្រទេសតូច ព្រមទាំងបង្កើតកិច្ចសហប្រតិបត្តិការ ឈ្នះឈ្នះ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ឯកឧត្តម Zhang Qingli បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសទាំងពីរមានគោលដៅរួម បន្តមិត្តភាពជាប្រពៃណី អនុវត្តគោលដៅសំខាន់តាមមតិ ឯកភាពរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ដើម្បីទទួលបានសមិទ្ធផល កាន់តែ ច្រើន។ 
ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅអំពីការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ៕

Comments

Related posts