ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ កម្លាំងអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀនបានប្រមាណចំនួនជាង៣តោន

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ៤ ២០២៤

IMG_9294

IMG_9291-1

IMG_9295

IMG_9302-1

IMG_9300-1

IMG_9298

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ កម្លាំងអនុវត្តន៍ច្បាប់បង្រ្កាបបទល្មើសគ្រឿងញៀនបានប្រមាណជាង៣តោន និងឃាត់ខ្លួនជនសង្ស័យ រួមទាំងមធ្យោបាយ សម្ភារៈ វត្ថុតាងជាច្រើនទៀត។
   


  ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទ APP Nodrugs របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី ផ្លូវជាតិលេខ៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហាគ្រឿងញៀននៅតែជាចំណុចប្រឈម ដែលបង្កវិនាសសកម្ម គំរាមកំហែងដល់សុខុមាលភាពប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ខណៈដែលរាជរដ្ឋាភិបាលបានប្តេជ្ញារក្សាការពារសមិទ្ធផលដែលសម្រេចក្នុងពេលកន្លងមក ក៏ដូចជាដើម្បីទប់ទល់ទៅនឹងនិន្នាការ និងល្បិចកលថ្មីៗ របស់ក្រុមឧក្រិដ្ឋជន ក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។
ឯកឧត្តម បានបន្តថា ក្រោមការ ដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៩ បានយកចិត្តទុកដាក់និងចាត់ចែង អនុវត្តប្រកបដោយការទទួលខុស ត្រូវខ្ពស់បំផុត។ បន្ថែមពីនោះទៀតថា ដោយផ្អែកលើបទពិសោធន៍ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក បានចាត់ទុកការយល់ដឹងច្បាស់លាស់ និងការចូលរួមសកម្មពីមហាជន គឺជាកត្តាមិនអាចខ្វះបាននិងកំណត់ ពីប្រសិទ្ធភាពនៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវគំនិតផ្តួចផ្តើមនិងវិធានការថ្មីៗ ប្រកប ដោយការច្នៃប្រឌិត ក្នុងនោះក៏មានកម្មវិធីទូរស័ព្ទដៃ ដែលកំពុងដំណើរការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។
   ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលកន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល បានខិតខំប្រឹង ប្រែង និងជម្នះគ្រប់ឧបសគ្គ តស៊ូប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿង ញៀន។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ការផ្សព្វផ្សាយអប់រំទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋយ៉ាងច្រើននាក់ក្នុងមួយឆ្នាំៗ ព្រមទាំងបានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាច្រើនករណី និងរឹបអូសគ្រឿង ញៀនបានជាច្រើនតោនផងដែរ។
 « កន្លងមកសមត្ថកិច្ចអនុវត្តន៍ច្បាប់គឺបានយកចិត្តទុកដាក់ក្នុងបំផ្លាញខ្សែរយៈអង្គការចាត់តាំងក្រុមឧក្រិដ្ឋជន ហើយបានឈានទៅធ្វើការចាប់យកគ្រឿង ញៀនក្នុងបរិមាណច្រើនសន្ធឹកសន្ធាប់។ ក្នុងដំណាក់កាលចុងក្រោយនេះ គឺយើងចាប់បានប្រមាណជាង៣តោន ដែលក្នុងរយៈពេលប្រមាណជាង៤ខែ ក្នុងឆ្នាំ២០២៤ អ៊ីចឹងយើងពិនិត្យមើលបរិមាណជិត៤តោននេះ តើអាចជួយសង្រ្គោះមនុស្សបានប៉ុន្មាននាក់? ហើយយើងគិតថានេះគឺជាចំណុចវិជ្ជមានមួយដែលយើងត្រូវសិក្សាស្វែងយល់ចូលរួមទាំង អស់គ្នា ដើម្បីធ្វើការលើកកម្ពស់ការយកចិត្តទុកដាក់របស់សមត្ថកិច្ចឱ្យធ្វើការបង្ក្រាបនិងលើកកម្ពស់ការយកចិត្តទុកដាក់ទៅដល់ប្រជាពលរដ្ឋ ជាពិសេសសិស្ស និស្សិតដែលជាយុវជនដែលជាទំពាំងស្នងឫស្សីនិយាយថាទេ ហើយបដិសេធគ្រឿងញៀននោះទីផ្សារនៃការប្រើប្រាស់គ្រឿងញៀន និងឃ្លាតឆ្ងាយចេញពីគ្នា »។
   គួរជម្រាបថា ការអនុវត្តវិធានការអនុវត្តច្បាប់ក្នុងក្របខ័ណ្ឌយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ កន្លងមក កម្លាំងអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ បានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួនជាង ៨ពាន់ករណី លើ៦.៣៩០ករណី ច្រើនជាង ១.៦៧៣ករណី កើនលើស ២៦,១៨%។ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០.០០២ នាក់ លើ១៥.០០២ នាក់  ច្រើនជាង  ៥.០០០នាក់ កើនលើស ៣៣,៣៣% ៕

Comments

Related posts