សម្តេចធិបតី ប្រកាសមិនមានមូលនិធិ ក្នុងការប្រមូលថវិកាសម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោ នោះទេ

 

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា ២៨ ០៤ ២៤

IMG_9991-2

ភ្នំពេញ៖សម្តេចធិបតី បានប្រកាសមិនមានមូលនិធិ ក្នុងការប្រមូលថវិកាសម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោនោះទេ ដើម្បីកុំឱ្យមានអ្នកឆ្លៀតឱកាសយកលុយពីប្រជាពលរដ្ឋ។
  ថ្លែងក្នុងឱកាសអញ្ជើញសំណេះ សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស ដែលចេញសារ គាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីផ្តល់ផល់ប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងជាដង្ហើមរស់ដោយខ្លួនឯង។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ ហើយរាជរដ្ឋាភិបាលមិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ ដើម្បីកុំឱ្យមានអ្នកឆ្លៀតឱកាស បន្ទាប់ពីមានបុគ្គលមួយរូប បានប្រកាសចែកដីជូនពលរដ្ឋរួចហើយកាលពីពេលថ្មីៗនេះ។ 
 សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ទោះបីមិនទទួលថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនេះពីវិនិយោគិនក្រៅប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលបានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ ។
សម្តេចធិបតី អះអាងថា នឹងបន្តបេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង និងធានាទទួលខុសត្រូវ ប្រសិនបើមានប៉ះពាល់ណាមួយពីព្រែកជីកហ្វូណន-តេជោ បន្ទាប់មានការសិក្សាច្បាស់លាស់ណាស់ពីផលប៉ះពាល់ទឹកទន្លេ និងបរិស្ថាន។
  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន- តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។
ជាមួយគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។
  សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូនណនតេជោនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាពផងដែរ។
  តាមការសិក្សាគម្រោងព្រែកជីក ហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ៕

Comments

Related posts