សម្តេចធិបតីប ផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង

 

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

IMG_9991-2

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង ដែលធ្វើឱ្យសម្លាប់សេដ្ឋកិច្ច និងប្រជាពលរដ្ឋខ្លួន។
  ថ្លែងក្នុងឱកាសអញ្ជើញសំណេះ សំណាលជាមួយសហជីព សេដ្ឋ កិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានចោទសួរត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង បន្ទាប់ពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស បានចេញសារ គាំទ្រលើគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីផ្តល់ផល់ប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា តាមការសិក្សាគម្រោងព្រែកជីក ហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ទន្ទឹមនឹងនេះ សម្តេចធិបតីបានឱ្យដឹងថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥ ដោយគម្រោងព្រែកជីកហ្វូណន- តេជោ បានសិក្សាពីអ្នកជំនាញលំដាប់ពិភពលោកជាង៤០នាក់ យ៉ាងលម្អិតរយៈពេលប្រមាណ ២៦ខែ ។
 ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជា ពលរដ្ឋខ្មែរគ្រប់និន្នាការ និងសា សនា បន្ដចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

Comments

Related posts