ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចាត់ទុក និយោជក ភាគីកម្មករ សហជីព រួមចំណែកសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ

ភ្នំពេញ៖ ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា NACC  ចាត់ទុក និយោជក  កម្មករ សហជីព ពិតជាបានរួមចំណែកសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

ក្នុងពិធីជួបជុំអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពីឯកឧត្តម ហេងសួ រដ្ឋមន្ត្រីក្រសួងការងារ និង         បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ 1ឧសភា កាលពីថ្ងៃទី1ឧសភា ឆ្នាំ2024         ឯកឧត្តម សួង ហួត មានប្រសាសន៍ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសកំណត់អំពីគោលការណ៍នៃការប្រឡងប្រណាំង ដណ្តើមពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្ត ប្រកាសនេះមានគោលបំណងចូល រួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ និងបង្កើនផលិតភាពការងារ តាមរយៈការរៀបចំយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយនៅទូទាំងប្រទេសក្នុងនោះប្រកាសរបស់ក្រសួងបានកំណត់ចេញនូវការអនុលោមភាពចំនួន៨ដូចខាងក្រោម៖

ទី១៖ អនុលោមភាពនៃលក្ខខណ្ឌការងារល្អគឺសំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារពីក្រសួងការងារមិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ

ទី២៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ទី៣៖ អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈសំដៅដល់សហគ្រាស ដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាសនិងមានយន្តការកិច្ចសន្ទនាសង្គម។ ទី៤៖ អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារសំដៅដល់សហគ្រាស ដែលមិនមានគ្រោះថ្នាក់ការងារ និង មានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៅកន្លែងការងារ ទី៥៖ អនុលោមភាពនៃរបបសន្ដិសុខសង្គមសំដៅដល់សហគ្រាស ដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។ ទី៦៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការសំដៅដល់សហគ្រាស ដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ទី៧៖ អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាស ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញនិងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត និងទី៨៖ អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាស ដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំង ចូលរួមការងារសង្គមផ្សេងៗ។

ចំពោះការវាយតម្លៃ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវរៀបចំឡើងដោយគណៈកម្មការវាយតម្លៃមួយ ស្របតាមបែបបទនិងនីតិវិធី ដែលកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សហគ្រាសដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តដូចជា ទទួលបានពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលមាន វិញ្ញាបនបត្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និង ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ ស្របតាមកម្រិត នៃពានរង្វាន់ ដែលទទួលបាន។

ឯកឧត្តម សួង ហួត បានបញ្ជាក់ថា សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ អាចធ្វើទៅបានលុះត្រាតែ មានភាគីពាក់ព័ន្ធសំខាន់មួយចំនួន រួមមានភាគី និយោជក ភាគីកម្មករ និយោជិត ភាគីរដ្ឋាភិបាលនិងភាគីសហជីពដែលតំណាងឱ្យកម្មករ និយោជិត។ក្នុងចំណោមភាគីទាំងអស់នេះ បើមានភាគីណាមួយមិនចូលរួមសហការល្អជាមួយគ្នានោះទេ សហគ្រាសនោះនិងមិនមានភាពសុខសាន្តទៅបានឡើយ។

សហជីពគឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកបង្កើតឱ្យមានសហគមន៍សុខសាន្ត ដូច្នេះគេមិនអាចទាត់ចោលឬបំភ្លេចចោលការជាប់ពាក់ព័ន្ធរបស់សហជីពបានឡើយ។គ្មានការចូលរួមសហការពីអង្គការសហជីពគឺគ្មានសហគមន៍សុខសាន្តឡើយ។តែទន្ទឹមនិងនេះថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវ៖ ១-ខិតខំចងក្រង បង្កើតសហជីពមូលដ្ឋានឱ្យបានច្រើន ២-សហជីពទាំងអស់ត្រូវចេះរួមសហការណ៍ល្អជាមួយគ្នាឱ្យទៅជាសំឡេងតែមួយ ៣-អភិវឌ្ឍសមត្ថភាពរបស់ខ្លួនរួមទាំងចំណេះដឹង ជំនាញដើម្បីរត់ឱ្យទាន់សម័យទំនើបកម្មបច្ចេកវិទ្យា ៤-ថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវអនុលោមតាមច្បាប់ការងារ ច្បាប់សហជីព និងច្បាប់នានារបស់កម្ពុជា៕  

photo_2024-05-02_09-26-20

photo_2024-05-02_09-26-23

photo_2024-05-02_09-26-26photo_2024-05-02_09-26-39

photo_2024-05-02_09-26-13

Comments

Related posts