រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_0539-1

IMG_0537

IMG_0538-1

IMG_0536

IMG_0535

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ បានជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករនិយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ ដើម្បីធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករនិយោជិត និយោជកឱ្យកាន់តែប្រសើរ និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ ដែលគ្រប់គ្នានឹងទទួលបានផលលាភនៃការរីកចម្រើននេះ។ 
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បបន្ថែម៖
ក្នុងឱកាសប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទីស្តីការក្រសួង កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និងកម្មករនិយោជិត បន្តស្វែងយល់ពីតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែក និងពិភាក្សា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើការគោរពច្បាប់ស្តីពីការងារ ក្នុងការការពារផលប្រយោជន៍ភាគីទាំងសងខាង ដើម្បីកសាងភាពសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។ 
ទន្ទឹមនឹងនេះ តួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករនិយោជិត និងនិយោជកឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។ 
នៅចំពោះមុខអង្គការវិជ្ជាជីវៈនិងអ្នកចូលរួម៣៥២នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់លំអិតពីអនុលោមភាពទាំង៨ចំណុច ដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃលើកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។ បន្ថែមពីនេះឯកឧត្តម ក៏បានពន្យល់ពីសារៈសំខាន់ និងភាពចាំបាច់នៃការអនុវត្តឱ្យបានជោគជ័យនៃកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករនិយោជិត និយោជកឱ្យកាន់តែប្រសើរ និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ ដែលគ្រប់គ្នានឹងទទួលបានផលលាភនៃការរីកចម្រើននេះ។ 
ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ដោយមិនគ្រាន់តែទាក់ទាញវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើន ដែលទាមទារឱ្យមានការ ចូលរួមពីភាគីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល ដែលជាធាតុមិនអាចខ្វះគ្នាបានដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕

Comments

Related posts