កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០២ ០៥ ២០២៤

IMG_0578-2

  MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

  ក្នុងពិធីសម្ពោធ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុនវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌល ផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់និងសកលលោក ហើយការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។ សម្តេចធិបតីបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃផែនទីបង្ហាញផ្លូវ នៃការអភិវឌ្ឍយានយន្ត និងអេឡិចត្រូនិក. កម្ពុជា បានកំណត់វិធានការជាអាទិភាព តាមផ្នែកចំនួន៥ ដែលរួមមាន ទី១ យុទ្ធសាស្ត្រនៃការសម្របសម្រួលអន្តរស្ថាប័ន ទី២.ធនធានមនុស្សនិងនវានុវត្តន៍ ទី៣ ហេដ្ឋារចនាសម្ព័ន្ធ ទី៤ កិច្ចសម្រួលពាណិជ្ជកម្ម និងទី៥.បរិយាកាសធុរកិច្ច និងការវិនិយោគ។ ដូច្នេះនៅក្នុងស្មារតីបុរេសកម្មនិងការឆ្លើយតបទៅនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការ គាំទ្រមួយចំនួនពាក់ព័ន្ធនឹងវិធានការគន្លឹះដែលមានរំលេចនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការបង្កើតនិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដោយយុវជន យុវនារីមកពីគ្រួសារជួបការលំបាក និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស មូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងគោលនយោបាយនិង យុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងៗ ដែលជាក្បាលម៉ាស៊ីននៃកំណើននិងជាដៃគូសំខាន់ក្នុងការបង្កើតការងារ ការបង្កើតគំនិតច្នៃប្រឌិត ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់និងសកលលោក។
   ទន្ទឹមនឹងនេះ ការដាក់សម្ពោធឱ្យ ដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា របស់ក្រុមហ៊ុនតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ភ្នំពេញនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់មួយទៀត ក្នុងវិស័យឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួម ការលើកកម្ពស់ការធ្វើពិពិធកម្មការ ធ្វើទំនើបកម្ម ឧស្សាហកម្ម ក៏ដូចជាការផ្តល់ឱកាស និងជំរុញការងារប្រកបដោយជំនាញកាន់តែច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ។
  « ខ្ញុំពិតជាមានសុទិដ្ឋិនិយមនិងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេង និងភាពទាក់ទាញ នៃការវិនិយោគកម្ពុជា យើងនឹងបន្តទទួលបានវិនិយោគប្រភេទឧស្សាហកម្ម ផ្អែកលើជំនាញនេះជាបន្តបន្ទាប់។ ក្នុងន័យនេះកម្ពុជាក៏ត្រូវបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគនិងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺការជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ដែលកម្ពុជាពីឧស្សាហកម្មអត្តពលកម្មឈាន ទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១២ ២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្របនឹងជីវភាពកាន់តែប្រសើរឡើងរបស់ ប្រជាពលរដ្ឋ៕»

Comments

Related posts