ខណ្ឌជលផលខេត្តស្ទឹងត្រែងនិងប្រជាសហគមន៍ចំនួន១០នៅស្រុកសៀមបូករៀបយន្តការបន្ថែមអភិរក្សត្រីមេពូជនិងសត្វផ្សោត

វិទ្យុជាតិកម្ពុជា លោក ហឿន

ស្ទឹងត្រែង៖ ខណ្ឌជលផលខេត្តស្ទឹងត្រែង សហការជាមួយសមាគម ថែរក្សាបរិស្ថាន និងវប្បធម៌ ពង្រឹងសមត្ថភាពប្រជាសហគមន៍នេសាទ ចំនួន ១០ នៅក្នុងស្រុកសៀមបូក ដើម្បីបង្កើនការងារអភិរក្ស ត្រីមេពូជនិងសត្វផ្សោតក្នុងរដូវបិទនេសាទ។

ក្នុងពិធីប្រគល់សម្ភារៈប្រើប្រាស់និងទូកម៉ាស៊ីនចំនួន ២គ្រឿងឱ្យទៅក្រុមអភិរក្សត្រីមេពូជនៅឃុំកោះសំពាយស្រុកសៀមបូកខេត្តស្ទឹងត្រែង ថ្ងៃទី ១ ឧសភាឆ្នាំ ២០២៤ លោកស្រីសំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ការធ្វើនេះយើងមានគោលបំណងអភិរក្សធនធានជលផល នៅទន្លេមេគង្គលើ ឱ្យកាន់តែសម្បូរបែបឡើង ព្រោះនៅខេត្តស្ទឹងត្រែងមានអន្លង់អភិរក្ស ត្រីមេពូជហូតទៅដល់ ៧៩កន្លែង និងអន្លង់សត្វផ្សោត ដែលយើងកំពុង ធ្វើការល្បាតការពារមានចំនួន ៣ កន្លែង ដែលមានសត្វផ្សោតរស់នៅប្រមាណជាង២០ក្បាលផងដែរ ។

លោកបន្តថា ដោយឡែកនៅក្នុងស្រុកសៀមបូក នេះ ក្រុមអភិរក្សកំពុងរៀបចំយន្តការអភិរក្សត្រីមេពូជនៅតាមអន្លង់អភិរក្សត្រីមេពូជចំនួន ១៦និងប្រជាសហគមន៍នៅក្នុង ស្រុកសៀមបូកនេះចំនួន 16 សហគមន៍ផងដែរ។ ​ជាមួយគ្នានេះសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ហៅកាត់ថាអង្គការសេប៉ាបានជួយឧបត្ថម្ភគាំទ្រ ផ្នែកសម្ភារៈ និងទូកបន្ថែម ដើម្បីយើងរួមគ្នាពង្រឹងយុទ្ធវិធី អភិរក្សត្រីមេពូជនិងសត្វផ្សោតកាន់តែមានប្រសិទ្ធភាពឡើង។

លោកពក ជំនោរតំណាងឱ្យប្រជាសហគមន៍នេសាទនៅក្នុងស្រុកសៀមបូក បានគាំទ្រចំពោះការរៀបចំយន្តការនេះឡើង ព្រោះនៅពេលដែលប្រជាសហគមន៍នីមួយៗ មានមធ្យោបាយ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ យើងពង្រឹងសមត្ថភាពបានរឹងមាំ ក្នុងការចុះធ្វើល្បាត ទៅតាមតំបន់អភិរក្សនីមួយៗ ការពារបាននៅធនធានជលផលរបស់យើងឱ្យវាសម្បូរបែប ឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរដូវត្រីពងកូន សម្រាប់បម្រើសេចក្តីត្រូវការរបស់យើងនិង កូនចៅយើងទៅថ្ងៃអនាគតផងដែរ។

លោកបន្តថា ប្រជាសហគមន៍ នេសាទ ប្តេជ្ញា បង្កើតកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីប៉ុស្តិ៍រដ្ឋបាល ឆ្មាំទន្លេ ធ្វើសកម្មភាពឱ្យបានសកម្ម ក្នុងរដូវបិទនេសាទនេះ ព្រោះ នៅតាមតំបន់ត្រីពងកូន មន្ត្រីជំនាញបាន អំពាវនាវ ឱ្យប្រជាអ្នកនេសាទនៅតាមមូលដ្ឋានទាំងអស់នាំគ្នាចូលរួមជាមួយប្រជាសហគមន៍អ្នកនេសាទ ការពារធនធានជលផល របស់យើងទាំងអស់គ្នាព្រោះធនធានទាំងនេះ មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ។

សូមបញ្ជាក់ថា នៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានអន្លង់អភិរក្សត្រីមេពូជចំនួន ៧៩កន្លែង អន្លង់អភិរក្សសត្វផ្សោតចំនួន ៣កន្លែង ហើយខណ្ឌរដ្ឋបាលជលផល បានរៀបចំឱ្យមានស្នាក់ការអភិរក្សបានចំនួន ៧ ក្នុងនោះ នៅក្នុងស្រុកសៀមបូកចំនួន១កន្លែង,ក្រុងស្ទឹងត្រែង១កន្លែង,ស្រុកសេសាន២កន្លែង និងស្រុកបុរីអូរស្វាយសែនជ័យចំនួន ៣ កន្លែង ដែលមានមន្ត្រីប្រចាំការចាប់ពី ៥ នាក់រហូតទៅដល់ ១០ នាក់ នៅក្នុងស្នាក់ការអភិរក្សនីមួយៗ ៕

photo_2024-05-02_14-26-18

photo_2024-05-02_14-26-23

photo_2024-05-02_14-26-26

photo_2024-05-02_14-26-38

 

Comments

Related posts