បទយកការណ៍៖កាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ២០២៤

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ផលិតដោយ លោកស្រី សន សាវិន
 
    លោកអ្នកនាងជាទីមេត្រី !
កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ក្រៅពីផ្ដល់ជំនួយជាសម្ភារៈហើយ កាកបាទក្រហមក៏មានតួនាទីជួយផ្សព្វផ្សាយ ពាក់ព័ន្ធលើបញ្ហាសុខភាពរបស់មនុស្សគ្រប់រូប ក្នុងការរស់រានមានជីវិតប្រចាំថ្ងៃ។ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ គឺជាប្រធានបទខួបលើកទី១៦១ របស់កាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៤»។
   ថ្ងៃនេះនាទីបទយកការណ៍របស់វិទ្យុជាតិកម្ពុជាសូមលើកយកប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ មកផ្សាយជូនដូចតទៅ៖
  កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តធ្វើការផ្សព្វផ្សាយ ស្តីពីទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ទៅដល់សាធារណជន ជាពិសេសសិស្សានុសិស្ស និស្សិត ដែលមានតួនាទី សំខាន់ក្នុងការជួយផ្សព្វផ្សាយបន្ត អំពីការថែរក្សាសុខភាពនិងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។
   លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា ៖
សំឡេងទី១«ពាក់ព័ន្ធនឹងកត្តាដែលមានសុខភាពល្អ ពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ  គឺពួកគាត់ជាបញ្ញវន្ត ដែលមានការយល់ដឹងខ្ពស់ ។ចឹងពួកគាត់ចាប់យកចំណេះដឹងនេះសម្រាប់អនុវត្តខ្លួនគាត់ផង  សម្រាប់ក្រុមគ្រួសារគាត់ផង  និងចែករំលែកទៅដល់សហគមន៍ជាតិយើងផង ហើយសមស្របទៅនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយពីបញ្ចប់សន្និបាតអាណត្តិទី៧ គឺយើង ពង្រីកការអប់រំទៅលើបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា»។
លោកជំទាវអគ្គលេខាធិការរងទី១ បានលើកឡើង ពីគោលបំណងសំខាន់ៗចំនួន៤ នៃការប្រារព្ធទិវា ៨ឧសភាគឺ៖ ១- រំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ចំណែកឯកាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ១៩៥៥និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិឆ្នាំ១៩៦០គឺត្រូវចូលរួមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ ២- ផ្សព្វផ្សាយពីអ្វីដែល កាកបាទក្រហមកម្ពុជាបាននិងកំពុងធ្វើ ។៣-បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជានិងទី៤-បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។
សំឡេងទី២«ដោយសារតែយើងមិនមែនគិតតែពី ការប្រារព្ធទិវា៨ឧសភា អំពាវនាវរកសប្បុរសជនជួយការគាំទ្រនោះទេ ប៉ុន្តែយើងយល់ថាអ្វីដែលអាចចែករំលែក និងចូលរួមចំណែកបានជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលបច្ចុប្បន្ន យើងដឹងហើយថារាជ រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋយើងមានសុខភាពល្អ ។ ចឹងយើងដឹងហើយថាជំងឺឆ្លង  ដែលយើងតែងតែមានវិធានការទប់ស្កាត់ជាច្រើន ដូចជារយៈពេលកន្លង នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ យើងក៏មានបញ្ហាជំងឺមិនឆ្លងហាក់បី ដូចមានលក្ខណៈស្ងាត់ស្ងៀមក៏ពិតមែន ក៏ប៉ុន្តែកំពុងឆក់យកជីវិតជិតពាក់កណ្ដាលនៃអ្នកស្លាប់ក្នុងប្រទេសកម្ពុជាយើង»។
photo_2024-05-01_11-59-21 (3) - Copy
    លោកបណ្ឌិតវ៉ា សុភ័ក្រ្ក ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា ក៏បានលើក ឡើងនៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ គឺចង់បង្ហាញពី ការរួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ដើម្បីធានាធ្វើយ៉ាង ណាឱ្យសហគមន៍របស់ខ្លួនមាន សុខភាពល្អ ហើយធន់នឹងអាកាសធាតុ។
សំឡេងទី៣«ជំងឺមិនឆ្លងកំពុងតែគំរាមគំហែង ហើយក៏បានសម្លាប់មនុស្សអស់ជាច្រើននៅលើពិភពលោក ក៏ដូចជាកម្ពុជាយើងផងដែរ កម្ពុជាយើងបានចំណាយលុយច្រើនណាស់ទៅលើការព្យាបាល ជំងឺមិនឆ្លង ។ជំងឺមិនឆ្លងមានច្រើន តែជំងឺមិនឆ្លងសំខាន់ៗមាន៤ ដែលបាននិងកំពុងតែគំរាមកំហែង សម្លាប់ជីវិតយើង ទី១ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ និងជំងឺទឹកនោម ផ្អែម ។ជំងឺទាំង ៤នេះ ប្រសិនបើយើងចេះអនុវត្តន៍ អាចការពារបានរហូតដល់ទៅ៨០ %  ប្រសិនបើយើងមានវិធានការបង្ការ បើសិនយើងមានទម្លាប់រស់នៅល្អ»។
    លោកបណ្ឌិតវ៉ា សុភ័ក្រ្ក បានបន្តទៀតថា៖ ទម្លាប់ជាច្រើនដែលធ្វើឱ្យប្រឈមនឹងការកើតជំងឺមិនឆ្លងដោយមិនដឹងខ្លួន មានដូចជាការបរិភោគអាហារមិនត្រឹមត្រូវ ដោយចូលចិត្តបរិភោគអាហារសម្រេច រួមមានអាហារវេចខ្ចប់អាហារបំពង។ទី២ ការពិសាគ្រឿងស្រវឹងច្រើនលើសលប់ ទី៣ ការមិនសូវបញ្ចេញពលកម្ម មិនសូវហាត់ប្រាណ ទី៤ ការប្រើប្រាស់ថ្នាំជក់ដោយចូលចិត្តជក់បារីច្រើន និងទី៥ បញ្ហាខ្យល់ពុលមានដូចជា ការបំភាយខ្យល់ពុលតាមរោងចក្រ តាមរយៈរថយន្ត ម៉ូតូ ក៏រួមចំណែកក្នុងការបង្កឱ្យកើតជាជំងឺមិនឆ្លងដែរ។
សំឡេងទី៤«ដើម្បីឱ្យយើងមានសុខភាពល្អមានអាយុវែង យើងត្រូវរស់នៅឱ្យបានល្អ ដូចជាការហាត់ ប្រាណឱ្យបានជាប្រចាំ សម្រាកឱ្យបានគ្រប់គ្រាន់ ពិសាទឹកឱ្យបានគ្រប់គ្រាន់ ប្រសិនបើពិសាទឹកមិន គ្រប់គ្រាន់ទេ យើងក៏ងាយនឹងឈឺដែរយើងត្រូវពិសាទឹកឱ្យគ្រប់គ្រាន់ទៅតាមទម្ងន់របស់យើង និងការបញ្ចេញកម្លាំងពលកម្ម ។មួយទៀតបញ្ហាការគិត យើងចូលចិត្តគិតអវិជ្ជមានច្រើនពេក ធ្វើឱ្យយើង គេងមិនលក់ មិនឃ្លានបាយជាដើម ដែលទាំងអស់នេះក៏ជាមូលហេតុនាំឱ្យកើតជំងឺមិនឆ្លងផងដែរ»។
      នៅលើពិភពលោកយើងនេះបច្ចុប្បន្នមានបញ្ហាប្រឈមខ្លាំងជាង គេគឺ ការបម្រែបម្រួលអាកាសធាតុរួមមាន៖ទឹកជំនន់ រាំងស្ងួត រញ្ជួយដី ខ្យល់កន្ត្រាក់ និងការកើនកម្ដៅជាដើម។ ទាំងអស់នេះគឺជាហានិភ័យដែលយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

លោក វេជ្ជបណ្ឌិត អ៊ុយ សំអុន អនុប្រធាននាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ នៃកាកបាទ ក្រហមកម្ពុជាបានមានប្រសាសន៍ថា៖ ការផ្សព្វផ្សាយជូនសាធារណ ជនឱ្យបានដឹងពីអ្វីដែលកាកបាទ ក្រហម បាននិងកំពុងធ្វើ គឺដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងវិស័យមនុស្សធម៌  ក្នុងការផ្តល់សេវាកម្មវិស័យអាទិភាពចំនួនបួនគឺ៖គ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ សុខភាពសង្គ្រោះបឋមលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន។
សំឡេងទី៥«ត្រៀមបង្ការនៅពេលដែលមានគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតផ្សេងៗក៏ដូចជា ករណីខ្យល់កន្ត្រាក់ ផ្គររន្ទះគឺយើងផ្ដល់ព័ត៌មានដល់មន្ត្រីនៅតាមសាខាដែលអនុវត្តន៍ផ្ទាល់ នៅសហគមន៍។ ប្រហែលបងប្អូនប្រជាពលរដ្ឋបានស្គាល់ហើយអ្នកស្មគ្រចិត្ត ដែលកំពុង ធ្វើការយ៉ាងសស្រាក់សស្រាំ ជួយអន្តរាគមន៍ នៅពេលមានគ្រោះ មហន្តរាយកើតឡើង  ឆ្លើយតបដំបូងបង្អស់ នៅក្នុងសហគមន៍មានប្រសិទ្ធភាព និងទាន់ពេលវេលា។ នេះជាចំណុចដែលសំខាន់របស់កាកបាទក្រហមកម្ពុជា ហើយទន្ទឹមនោះដែរគ្រប់សាខាតាមបណ្ដាខេត្ត ទាំងអស់តែងតែត្រៀមបម្រុងនូវស្បៀងសម្រាប់ជួយបងប្អូនប្រជា ពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ»។

photo_2024-05-01_11-59-21 - Copy
លោកបណ្ឌិតវ៉ា សុភ័ក្រ្ក ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជាបាន លើក ឡើងទៀតថា៖បច្ចុប្បន្នកាកបាទ ក្រហមបានដើរតួនាទីសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបចំណេះដឹងពីការថែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃ ។
សំឡេងទី៦«នេះជាការប្ដេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជាក្នុងការចូលរួម ដោះស្រាយបញ្ហាប្រឈម ជាអាទិ គឺការលើកកម្ពស់សុខភាពប្រជាជន និងផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ គឺទិសដៅសំខាន់គឺចូលរួមជាមួយសហគមន៍ ធ្វើយ៉ាង ណាធានាឱ្យសហគមន៍រស់នៅមានសុខភាពល្អ មានសមត្ថភាពរឹងមាំប្រឈមការដោះស្រាយបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសឱ្យយើងមានភាពធន់នឹងអាកាសធាតុតែម្ដង។ ជាមួយគ្នានេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនក៏បានអំពាវនាវសូមឱ្យប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅសុខភាពល្អ  ដើម្បីបញ្ជៀសជំងឺមិនឆ្លងនានា។ សម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានលើក ឡើងថា រាជរដ្ឋាភិបាលកម្ពុជាគឺមាន ការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សុខភាពប្រជាជន ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ ហើយកាក បាទក្រហមកម្ពុជា គឺយើងតែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល ជាមួយដៃគូ ក្រសួងពាក់ព័ន្ធ នានាក្នុងការលើកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ធ្វើម៉េចដើម្បីបន្ស៊ាំរស់នៅជាមួយអាកាសធាតុ ការថែទាំសុខភាពជាពិសេសជំងឺឆ្លង និងមិនឆ្លងដែលយើងបានធ្វើជាប្រចាំ»។ 
photo_2024-05-01_11-59-21 (2) - Copy
   លោកអ្នកនាងជាទីមេត្រី!
ការប្រារព្ធទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា គឺជាការរំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ហេតុដូចនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាលពីឆ្នាំ១៩៦០ ដែរនោះ ក៏ត្រូវមានភារកិច្ចចូលរួមប្រារព្ធទិវា ៨ ឧសភានេះជារៀងរាល់ឆ្នាំផងដែរ។សម្រាប់កាកបាទក្រហមកម្ពុជា ការប្រារព្ធទិវា៨ឧសភា បានរៀបចំជាមីទ្ទិញថ្នាក់ជាតិ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ ដែលមានគោលបំណងផ្សព្វផ្សាយពីអ្វីដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ, បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់សមាគមជាតិ៕
photo_2024-05-01_11-59-29photo_2024-05-01_11-59-28 (4) - Copyphoto_2024-05-01_11-59-28photo_2024-05-01_11-59-29 (2) - Copyphoto_2024-05-01_11-59-29 (4)photo_2024-05-01_11-59-29 (5)photo_2024-05-01_11-59-28 (3)photo_2024-05-01_11-59-28 (2) - Copy

Comments

Related posts