រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាមានការចុះថយគួរឲ្យកត់សំគាល់

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាមានការចុះថយគួរឲ្យកត់សំគាល់ពី ៣៧នាក់ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០កំណើតរស់ក្នុងឆ្នាំ២០២១-២០២២។ 

ថ្លែងក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ "START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត" និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលមានប្រសាសន៍ថា យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញឱ្យឃើញថាអត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាមានការចុះថយគួរឲ្យកត់សំគាល់ពី ៣៧នាក់ ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០កំណើតរស់ក្នុងឆ្នាំ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងរាជរដ្ឋាភិបាល និតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្ដីបន្ថែមថា សិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ "START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត" នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ថ្មីៗដល់ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកទាក់ទងនឹងការសង្រ្គោះទារកទើបនឹងកើតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ក៏ដូចជាការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព។ មូលធនមនុស្សមានសុខភាពល្អមានគុណភាពជីវិតខ្ពស់ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងចូលរួមចំណែកអភិវឌ្ឍន៍ដល់វិស័យសុខាភិបាលជាពិសេសសុខុមាលភាពទារកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ និងសូមជូនពរដល់អង្គសិក្ខាសាលាទទួលលទ្ធផលខ្ពស់៕D8DB1E66-7C0F-4536-B72E-CC544EE96D947BCED79B-FC32-4FD2-B965-E82AC9C0DC472E1A3F02-B9AC-4422-B44A-15D3A36FBCAF

Comments

Related posts