រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

វិទ្យុជាតិកម្ពុជា៖ ស៉ីផុន ហ៊ុងគ្រី
មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក យីម លុច្ស សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដោយមានការចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត តំណាងក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងកម្មករនិយោគជក និយោជិក ប្រមាណជា ៥០០នាក់ ពិធីនេះធ្វើឡើងនៅក្រុមហ៊ុន ដាក់ឡាក់ ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជូនដល់បងប្អូនកម្មករនិយោជិតទាំងអស់។ ឯកឧត្តម បញ្ជាក់ថា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដរបស់កម្មករនិយោជិក ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយការជ្រើសរើសប្រធានបទ « សហគ្រាសមួយជាសមាគមន៍សុខសាន្ដមួយ» សំដៅពង្រឹងសុខដុមរមនា ក្នុងអង្គការទំនាក់ទំនងវិជ្ជាជីវៈ ការធានាបាននូវស្ថិរភាពវិនិយោគ ភាពប្រកួតប្រជែង និងគុណភាពផលិតផល ព្រមទាំងការកែលម្អជីវភាពកម្មករ និយោជិត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម បានណែនាំដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន ក៏ដូចជានិយោជក កម្មករនិយោជិក រួមទាំងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមបន្តយកចិត្តទុកដាក់ចូលរួមសហការអនុវត្តការងារ៖ ត្រូវយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីរបបសន្ដិសុខសង្គម និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។ ត្រូវបន្តខិតខំរក្សានូវកេរ្តិ៏ឈ្មោះល្អអំពីលក្ខខណ្ឌការងារ បង្កើតផលិតភាពការងារ លើកកម្ពស់គុណភាពផលិតផលក្នុងវិស័យកសិកម្ម ក៏ដូចវិស័យផ្សេងៗទៀត ដើម្បីប្រកួតប្រជែងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា តាមការធ្វើជំរឿនសហគ្រាសក្នុងខេត្តមណ្ឌលគិរីឆ្នាំ២០២៤ មានសហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្ត សរុបចំនួន ២០១សហគ្រាស ដែលផ្តល់ការងារសរុប ៥,៣៤២នាក់ ក្នុងនោះស្ត្រី ១,៩៦៩នាក់ ដោយមិនទាន់គិតឱកាសការងារក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដែលមានកម្លាំងពលកម្មរាប់ពាន់នាក់ ក្នុងនោះ មានកម្មករនិយោជិក និងនិយោជក ជាជនបរទេសបានស្នើសុំប័ណ្ណ និងសៀវភៅការងារសរុបចំនួន ៩៩៨នាក់ ស្រីចំនួន ៣០៣នាក់។ លោក បញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មន្ទីរ និងបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរយៈពេល ៥ឆ្នាំ រួមមាន៖ យុទ្ធសាស្ត្រទី១ ជំរុញការបង្កើតឱកាសការងារ ធានាលក្ខខណ្ឌការងារល្អប្រសើរ និងពង្រឹងការងារបេឡាជាតិរបបសន្តិសុខសង្គម។ យុទ្ធសាស្ត្រទី២ អភិវឌ្ឍន៍មជ្ឈមមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋ និងយុទ្ធសាស្ត្រទី៣ ពង្រឹងអភិបាលកិច្ចល្អ និងពង្រីកសមធម៌យេនឌ័រ។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់ប័ណ្ណសរសើរជូនដល់ក្រុមហ៊ុនអាជីវកម្ម សហគ្រាស អង្គការដៃគូ និងសប្បុរជននានា និងបានឧបត្ថម្ភថវិកា និងសម្ភារៈជូនស្ត្រីមានផ្ទៃពោះ និងកម្មករនិយោជិក ប្រមាណ៤២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣៥.០០០រៀលផងដែរ៕ photo_2024-05-06_17-44-48photo_2024-05-06_17-44-51photo_2024-05-06_17-44-56photo_2024-05-06_17-45-04photo_2024-05-06_17-45-11photo_2024-05-06_17-45-15photo_2024-05-06_17-45-24photo_2024-05-06_17-45-31photo_2024-05-06_17-45-39photo_2024-05-06_17-45-44

photo_2024-05-06_17-45-49

Comments

Related posts