សម្តេចធិបតី ថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ០៧ ០៥ ២០២៤

IMG_0901-1

MC៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា  ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់យើង កាន់តែមានប្រសិទ្ធភាព និង មានលទ្ធភាពតភ្ជាប់ ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀត ក្នុងតំបន់ និង លើសកលលោក។

សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នាថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៤នេះថាប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយទៅជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធ្វើធុរកិច្ចដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់និងលើសកលលោក។ សម្តេចធិបតីរំពឹងថា ប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយទៅជាគំរូជោគជ័យមួយថ្មីបន្ថែមទៀត នៃការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងស្ថាប័ន នៃរដ្ឋាភិបាលដែលបានជម្នះនូវការលំបាកទាំងឡាយ នៅក្នុងដំណើរការការសម្រុះសម្រួលស្ថាប័ន ដូច្នេះប្រព័ន្ធបញ្ជរតែមួយជាតិ គឺអាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា នឹងជាសមិទ្ធផលរបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារតាមអភិក្រម គ្រប់រូបភាព នៃប្រព័ន្ធតួអង្គតែមួយ។ 
ជាងនេះទៅទៀត ការធ្វើការរួមគ្នាប្រកបដោយជោគជ័យ ក៏បានហុចផលឱ្យវិស័យឯកជននឹងទទួលបានផលប្រយោជន៍ជាច្រើន ពីប្រព័ន្ធបញ្ជរតែមួយជាតិ មានជាអាទិ៍ ដូចជាចំណេញពេល កាត់បន្ថយចំណាយជាដើម។  
  សម្ដេចធិបតីបានបញ្ជាក់ថា បើតាមការបញ្ជាក់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ  ដែលបានលើកឡើងអំពីការតភ្ជាប់គ្នាជាខ្សែច្រវាក់ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពីប្រព័ន្ធមួយទៅប្រព័ន្ធមួយទៀតរបស់ក្រសួងស្ថាប័នចំនួន២១តាមរយៈថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជាបង្កើតនូវសេវាអេឡិចត្រូនិកជាច្រើនផ្សេងទៀត ដោយកាត់បន្ថយនូវនីតិវិធីស្មុគស្មាញនិងពេលដ៏ច្រើន គួរឱ្យកត់សម្គាល់។ 
  សម្តេចធិបតីបន្ថែមទៀតថា   ការកសាងប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបែបនេះ  ពិតជាមានសារៈសំខាន់ ដែលអាចបង្កើតជាគំរូនិងក្របខ័ណ្ឌ ការងារថ្មីមួយទៀត ដែលអាចបង្កើតជាគំរូឬក្របខ័ណ្ឌការងារជាថ្មី ដែលជាមូលដ្ឋានសម្រាប់យកទៅប្រើប្រាស់ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្មក៏ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាជារួមតែម្តង។
 «ការបន្តយកចិត្តទុកដាក់ពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលអាចចាត់ទុកថាជាក្របខ័ណ្ឌរួមមួយនៃការកែទម្រង់សំដៅលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ស្ថិតនៅក្នុងបរិយាកាសបច្ចុប្បន្ននៅក្នុងពេលមធ្យម ទៅអនាគត យើងរំពឹងថា សេដ្ឋកិច្ចតំបន់និងសកលលោកទាំងមូល នឹងបន្តត្រូវបានហ៊ុមព័ទ្ធដោយ មិនប្រាកដប្រជាខ្ពស់ ក្នុងន័យនេះកម្ពុជាត្រៀមខ្លួន ឲ្យបានល្អសម្រាប់ ភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិណាមួយដែលអាចកើតឡើងជាយថាហេតុ តាមរយៈការជំរុញ ឲ្យកាន់តែស៊ីជម្រៅនិងកាន់តែខ្លាំងខ្លាឡើងសំដៅលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្មនិងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមជាតិ ៕»

Comments

Related posts