ប្រមុខរាជរដ្ឋាភិបាល ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៧.០៥.២០២៤

IMG_0899-1

ប្រមុខរាជរដ្ឋាភិបាល ស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិ និងចូលរួមផ្តល់មតិយោបល់សម្រាប់ការកែលម្អឱ្យកាន់តែប្រសើរឡើង ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នាសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធ អេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជា កាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និង លើ សកលលោក ។
ក្នុងនោះ សម្តេចធិបតី បានស្នើឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ប្រព័ន្ធនេះឱ្យបានផុសផុល ដើម្បីបន្តជំរុញ ការកែទម្រង់ស៊ីជម្រៅ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែង ដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ ជាពិសេសដើម្បីកាត់បន្ថយ បន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និង នីតិវិធីសារពើពន្ធ ។
« សូមវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីប្រព័ន្ធ បញ្ជរតែមួយជាតិនេះ ដែលចូលរួមផ្តល់មតិយោបល់សម្រាប់ការកែលម្អកាន់តែប្រសើរ កិច្ចការងារនេះគឺជា កិច្ចការធំដែរសម្រេចចិត្តលែងចង់បាន ដែលដាក់អភិក្រមភាពជាដៃគូរវាងរដ្ឋនិងឯកជន ជួយគិតគូរជួយធ្វើ ជួយទទួលខុសត្រូវ យើងមិនត្រឹមតែគ្រាន់តែជួយផ្តល់សំណូមពរមករដ្ឋាភិបាល ហើយនៅពេលដែល រាជរដ្ឋាភិបាលចេញគោលការណ៍ហើយត្រូវប្រើផង បញ្ជរតែមួយជាតិមិនដើរទេ បើបងប្អូនមិនប្រើប្រព័ន្ធ ធ្វើល្អយ៉ាងណាក៏ដោយ បើសិនជាគ្មានអ្នកប្រើគឺមិនអាចទៅមុខនោះទេ ដូចផលិតផលអ៊ីចឹង ធ្វើយ៉ាងណា ក៏ដោយល្អយ៉ាងណាក៏ដោយ បើគ្មានអតិថិជនប្រើប្រាស់ក៏មិនដំណើរការទៅមុខដែរ យើងប្រើប្រាស់គឺមាន ភាពប្រទាក់ក្រឡាគ្នា ប្រសិទ្ធភាពដែលអាចធ្វើទៅបាន និងជួយចូលរួមនៅក្នុងការផ្តល់យោបល់កែលម្អ ហើយកិច្ចការងារនេះ គឺបានដើរច្រើននៅក្នុងដំណោះស្រាយរបស់រដ្ឋជាមួយវិស័យឯកជន ដែលមាន បង្កើត ក្រុមការងាររាជរដ្ឋាភិបាលជជែកគ្នាដោះស្រាយបញ្ហាជាច្រើនរាប់អាណត្តិមកហើយ នឹងបន្តទៅទៀត » ។ 
ជាងនេះទៅទៀត ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សម្តេចធិបតី បានណែនាំ ដល់ក្រសួង-ស្ថាប័នបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួល ពាណិជ្ជកម្ម ជាពិសេសត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ៕

Comments

Related posts