ឆ្នាំ២០២៤ទិន្នផលអំបិលនៅខេត្តកំពត មានការកើនជាងឆ្នាំមុនដោយសារអាកាសធាតុអំណោយផល



 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៨ ឧសភា ២០២៤

IMG_1078-1

IMG_1073

IMG_1074

IMG_1072

IMG_1077-1

IMG_1076-1

IMG_1075

MC៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ ទិន្នផលអំបិលនៅខេត្តកំពត មានការកើនជាងឆ្នាំមុនដោយសារអាកាសធាតុអំណោយផល ដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ។
  លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរស្តីទីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជាធម្មតារដូវកាលផលិតអំបិល គឺចាប់ពីចុងខែវិច្ឆិកា ទៅដល់ពាក់កណ្តាលខែឧសភានៃឆ្នាំនីមួយៗ ប៉ុន្តែក៏មានឆ្នាំខ្លះអាកាសធាតុក្តៅបានអូសបន្លាយ ដែលធ្វើឱ្យការផលិតបន្តរហូតដល់ខែមិថុនា។
  លោកស្រី បានបន្ដថា បច្ចុប្បន្នមាន១៣១ក្រុមផលិតអំបិល មាន ផ្ទៃដីជាង២ពាន់ហិកតា ដែលបានផលិតអំបិលសម្រាប់ ដើមឆ្នាំ ២០២៤នេះ ប្រមូលបានជិត១០ម៉ឺនតោនខ្ពស់ជាងឆ្នាំមុនដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ។
«យើងគិតថាបើតាមការប៉ាន់ស្មានទិន្នផលដែលប្រមូលបានចំនួនជិត ១០ ម៉ឺនតោនអាស្រ័យដោយសារឆ្នាំនេះអាកាសធាតុអំណោយផលអាចផលិតបានប្រហែលជាខ្ទង់ ១០ ម៉ឺនតោន ដែលជាចំនួនដែលយើងបានប៉ាន់ស្មាន។ ហើយចុងខែ៥ យើងនឹងធ្វើការចុះវាស់វែងផ្ទាល់ ដើម្បីគណនាទៅលើផ្ទៃដីរបស់ស្រែអំបិល និងទិន្នន័យនៃការប្រមូលផលពិតប្រាកដ។ ហើយសម្រាប់ការផ្គត់ផ្គង់គឺបានន័យថាគ្រប់គ្រាន់»។
    លោកស្រី បញ្ជាក់ថា បច្ចុប្បន្នអំបិលចំនួន៥០គីឡូក្រាម ប្រភេទ (ស)  មានតម្លៃ១ម៉ឺន២ពាន់រៀល, ប្រភេទ(ខ្មៅ)  តម្លៃ៧ពាន់រៀល។
គួរជម្រាបថា ផលិតផលអំបិលកំពត-កែប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣កន្លងទៅ បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រ «GI» ដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ដូចជា ទទួលបានតម្លៃខ្ពស់ជាងអំបិលធម្មតា និង ត្រូវបានទទួលស្គាល់គុណភាពជាអន្តរជាតិ ។ ចំណែកអ្នកប្រើប្រាស់វិញ ទទួលបានអំបិលដែលមានអនាម័យ មាន គុណភាពខ្ពស់មិនខ្លាចថា ជាអំបិលនាំចូលជាដើម៕

Comments

Related posts