កម្ពុជាជំរុញការផ្សព្វផ្សាយបរិយាកាសវិនិយោគទៅកាន់សហគមន៍ធុរកិច្ចនានានៅប្រទេសជប៉ុន

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៨ ៥ ២០២៤

IMG_1098

IMG_1102

IMG_1099-1

IMG_1103-1

IMG_1106-1

IMG_1105-1

IMG_1101-1

ភ្នំពេញ ៖ កម្ពុជា ស្នើសុំដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនទាំងអស់ ផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនានានៅប្រទេសជប៉ុន សំដៅទាក់ទាញសហគ្រាសដែល មានសក្តានុពលឱ្យមកពង្រីកខ្សែច្រវាក់ផលិតកម្ម ឬខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនមកកាន់កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចប្រទេសជប៉ុនចាប់ពីថ្ងៃទី០៧-០៩ឧសភានេះ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលតែងតែផ្តល់នូវភាពស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជារាប់ចាប់តាំងពីនីតិកាលដែលដឹកនាំដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី រហូតមកដល់នីតិកាលដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ដែលការណ៍នេះ ជាកាយវិការប្រកបដោយមេត្រីភាពដែលបានឆ្លុះបញ្ចាំងអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកធំធាត់។ ស្របគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនទាំងអស់មេត្តាផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនានានៅប្រទេសជប៉ុន សំដៅទាក់ទាញសហគ្រាសដែលមានសក្តានុពលឱ្យមកពង្រីកខ្សែច្រវាក់ផលិតកម្ម ឬខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនមកកាន់កម្ពុជានាពេលអនាគត។
ឯកឧត្តមប្រធានបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសដ៏មនោរម្យនេះ។ ឯកឧត្តមប្រធានក៏បានសម្តែងនូវការគាំទ្រលើរាល់មតិយោបល់ល្អៗរបស់ភាគីកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយកិត្តិស័ព្ទកម្ពុជា ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយជ្រាបចូលដល់ស្រទាប់ធុរកិច្ចរបស់ប្រទេសជប៉ុនផងដែរ៕

Comments

Related posts