មន្ត្រីនគរបាលជាតិ ៖ អ្នកជិះទោចក្រយានយន្ត(ម៉ូតូ)នៅតែមានអត្រាគ្រោះថ្នាក់ខ្ពស់

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៥ ២០២៤

IMG_1143

IMG_1144-1

IMG_1146

IMG_1147

IMG_1145-1

លោកឧត្តមសេនីយ៍ឯក គាំ សារឿន អនុប្រធានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា ការគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន ក្នុងចំណោមអ្នកជិះទោចក្រយានយន្ត(ម៉ូតូ)នៅតែមានអត្រាគ្រោះថ្នាក់ខ្ពស់ ដោយសារមិនគោរពច្បាប់ចរាចរណ៍។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសក្នុងការបើកបរទោចក្រយានយន្តដោយសុវត្ថិភាព នៅថ្ងៃទី៨ ខែឧសភានេះ លោកឧត្តមសេនីយ៍ឯក គាំ សារឿន បានបញ្ជាក់ថា មូលហេតុ ចម្បងដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ដែលធ្វើឱ្យបាត់បង់ម្ចាស់ការនៅពេលមានឧបសគ្គដោយចៃដន្យ ជាពិសេសនៅត្រង់ផ្លូវខ្វែង ឬផ្លូវកោង ដែលមើលមិនឃើញច្បាស់។
យោងតាមរបាយការណ៍ព័ត៌មាននៃជនរងគ្រោះថ្នាក់ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៣ បង្ហាញថា អ្នកស្លាប់ដោយសារអ្នកជិះម៉ូតូពេលជួបគ្រោះថ្នាក់ចរាចរណ៍ មានចំនួនប្រមាណ៨០ភាគរយ ហើយក្នុងនោះមិនពាក់មួកសុវត្ថិភាពប្រមាណ៦៩ភាគរយ។ គ្រោះថ្នាក់ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តតាកែវ។
សូមបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការគាំទ្រជំនួយពីដៃអភិវឌ្ឍន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំបណ្តុះបណ្តាលបច្ចេកទេសក្នុងការបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលក្នុងនោះមានទាំងកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការបើកបរទោចក្រយានយន្តដោយសុវត្ថិភាពក្នុងការធ្វើដំណើរ ដែលនឹងជួយកាត់បន្ថយឥរិយាបថមិនល្អរបស់អ្នកបើកបរបង្កឱ្យមានគ្រោះថ្នាក់ដូចជា៖ ការជែង ការបើកបរដោយមិនយកចិត្តទុកដាក់ ការមិនពាក់មួកសុវត្ថិភាព និងការកែលម្អលក្ខខណ្ឌសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរណ៍ជុំវិញរោងចក្រ។
អង្គការមូលនិធិបង្ការរបួសអាស៊ី បញ្ជាក់ថា នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយ និងច្បាប់ពាក់ព័ន្ធ ដែលជំរុញការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរនៅកម្ពុជា៕

Comments

Related posts