រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប នឹងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_1151

IMG_1157

IMG_1154

IMG_1153

IMG_1152

IMG_1156

IMG_1158

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា សហគមន៍កសិកម្មទំនើប នឹងបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន ដើម្បីធ្វើការដាំដុះបន្លែ និងមានទីផ្សារត្រឹមត្រូវ។

ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី០៧  ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គោលបំណងនៃការបង្កើតសហគមន៍កសិកម្មទំនើប ដែលចង់ជំរុញឱ្យសហគមន៍កសិកម្មកាន់តែរីកចម្រើនប្រសើរជាងពេលបច្ចុប្បន្ន។ 
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញ ដោយសហគមន៍ផ្ទាល់។  

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការបង្កើតសហគមន៍កសិកម្មទំនើប គឺជាការបង្កលទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមិនមានផ្ទះសំណាញ់សម្រាប់ធ្វើផលិតកម្ម មិនមានលទ្ធភាពវិនិយោគ ទទួលបានឱកាសចូលជាសមាជិក និងទទួលបានការគាំទ្រ និងផលចំណេញទៅតាមទំហំដីកសិកម្មដែលបានដាក់ចូលរួមក្នុងសហគមន៍ តែត្រូវមានភាពប្រាកដច្បាស់លាស់។  
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់អំពីគោលជំហរ ក្នុងការរុញសហគមន៍កសិកម្មទំនើប កសិកម្មបែបសេដ្ឋកិច្ចនេះ ឱ្យទៅមុខ ហើយកសិករដទៃទៀត អាចពិនិត្យតាមដាន និងធ្វើការសម្រេចចិត្តពេលក្រោយ។ 
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរចំពោះភាពរីកចម្រើនរបស់ សហគមន៍ ដែលបានខិតខំមានផ្ទះសំណាញ់ និងទីផ្សារលក់ផលិតផល ផ្តល់ផលចំណេញដល់សមាជិកសហគមន៍ផងដែរ៕

Comments

Related posts